ភ្នំពេញ៖ សូមអញ្ជើញចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ បន្តកិច្ចការបម្រើជាតិ និងប្រជាជន ។ នេះជាប្រសាសន៍ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងបន្តថា, សូមអោយសមាជិកទាំងអស់អញ្ជើញចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន ហើយសូមជឿទុកចិត្ត ព្រមទាំងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់គណបក្សក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាពនៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសលើឆាកអន្តរជាតិ។
ការថ្លែងខាងលេីនេះក្នុងកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកបណ្ឌិត បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា យុវជនគណបក្សប្រជាជនកម្ពុជា មានភារកិច្ចបម្រើប្រជាពលរដ្ឋដោយត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវសីលធម៌ គុណធម៌ និងភាពថ្លៃថ្នូរសុភាពរាបសា ហើយលើសពីនេះក៏ត្រូវខិតខំចូលរួមចំណែកបន្តថែរក្សាសមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងខិតខំបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព និងការយល់ដឹងច្បាស់អំពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នាក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយរុងរឿង និងសុភមង្គល។
លោកបណ្ឌិត បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ដែលនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងការលះបង់ដ៏ធំធេង ដោយយកអស់គ្រប់លទ្ធភាព ទាំងកម្លាំងកាយកម្លាំងចិត្ត ពេលវេលា និងធនធាន រហូតសម្រេចបានស្នាដៃ និងសមិទ្ធផលការងារជាច្រើនជូនគណបក្សប្រជាជនកម្ពុជា និងជាតិមាតុភូមិ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាសន៍ថា, “ខ្ញុំមិនមែនជាអ្នកចេះគ្រប់ជ្រុងជ្រោយទេ តែខ្ញុំធ្វើអ្វី ត្រូវមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ ខ្ញុំស្វាគមន៍ចំពោះការរិះគន់ស្ថាបនានានា ពីគ្រប់មជ្ឈដ្ឋាន”៕
ដោយ ៖ សហការី