អ្នកចាត់ការក្រុម Chelsea លោក Graham Potter និយាយថា ប្រធានក្រុម Cesar Azpilicueta បានដឹងខ្លួន និងនិយាយរួចហើយនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីទទួលរងរបួសក្បាលអំឡុងពេលចាញ់ Southampton ក្នុងផ្ទះកាលពីថ្ងៃសៅរ៍ម្សិលមិញ។
កីឡាករ Azpilicueta បានរងរបួសដេកគ្មានចលនានៅលើទីលានបន្ទាប់ពីត្រូវកីឡាករ Sekou Mara ទាត់ភ្លាត់ចំមុខ ខណៈកីឡាករបម្រុងក្រុមSouthampton រូបនេះព្យាយាមទាត់បាល់ដែលស្ថិតនៅលើក្បាលកីឡាករ Azpilicueta ។
កីឡាករ Mara មើលទៅមានការសោកស្តាយនៅពេលដែលកីឡាករមកពីក្រុមទាំង២ និងបុគ្គលិកពេទ្យបានប្រញាប់ប្រញាល់ទៅរកជំនួយរបស់ខ្សែការពារវ័យ៣៣ឆ្នាំ Azpilicueta នៅកីឡដ្ឋាន Stamford Bridge ។
កីឡាករ Azpilicueta បានទទួលការព្យាបាលដោយអុកស៊ីសែនអស់រយៈពេលជាច្រើននាទី មុនពេលត្រូវបានសែងចេញ ទោះបីជាគាត់ដឹងខ្លួននៅពេលគាត់ចាកចេញពីទីលានក៏ដោយ។
លោក Potter បាននិយាយថា “វាជាពេលវេលាដ៏អាក្រក់មួយសម្រាប់ពួកយើង។ គាត់ដឹងខ្លួននៅមន្ទីរពេទ្យ ហើយគាត់កំពុងនិយាយជាមួយប្រពន្ធគាត់។ យើងកំពុងតាមដានគាត់ ហើយធ្វើឲ្យប្រាកដថាគាត់មិនអីទេ។ខ្ញុំគិតថាគាត់សន្លប់នៅពេលមួយ ដូច្នេះវាជាការព្រួយបារម្ភសម្រាប់អ្នករាល់គ្នា វាជារឿងចៃដន្យ ប៉ុន្តែវាជាការទាត់ចំមុខ អ្នកអាចមើលឃើញថា វាអាក្រក់ប៉ុណ្ណា”។
គួរបញ្ជាក់ថា ការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ James Ward-Prowse នៅតង់ទី១បានធ្វើឲ្យក្រុមតោខៀវរងការបរាជ័យលើកទី៥របស់ពួកគេក្នុងឆ្នាំ២០២៣នេះ ហើយធ្វើឲ្យក្រុមតោខៀវ Chelsea ចាញ់រហូតដល់១០ពិន្ទុពីលើក្រុមកំពូលតារាង Premier League ទាំង៤ជាមួយនឹងការប្រកួតលីកចំនួន១៥ដែលនៅសល់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)