ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងដល់ជាង៤៦ពាន់នាក់ក្នុងការរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី

ចែករំលែក៖

យោងតាមការអាប់ដេតចុងក្រោយនេះ ចំនួនអ្នកស្លាប់នៅក្នុងការរញ្ជួយដីដែលបានវាយប្រហារព្រំដែននៃប្រទេសទួរគី និងស៊ីរីកាលពីថ្ងៃទី៦ ខែកុម្ភៈ បានកើនឡើងលើសពី៤៦ពាន់នាក់។ មន្ត្រីទួរគីបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះភាគច្រើនត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃទី១៩ ខែកុម្ភៈ។
យោងតាមព័ត៌មានពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនិងសង្គ្រោះបន្ទាន់របស់ប្រទេសទួរគី (AFAD) ការរញ្ជួយដីប្រហែល 5.600 ត្រូវបានកត់ត្រារហូតមកដល់ពេលនេះ។ សោកនាដកម្មដែលបានកើតឡើងបានប៉ះពាល់ដល់មនុស្ស១៣លាននាក់។
ដើម្បីរួមចំណែកដល់ការស្តារឡើងវិញក្រោយគ្រោះរញ្ជួយដី មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ក៏កំពុងខិតខំប្រឹងប្រែងដើម្បីអំពាវនាវឱ្យប្រទេសទាំងអស់បង្កើនជំនួយមនុស្សធម៌ដល់កុមារនៅក្នុងប្រទេសស៊ីរី។
ក្នុងនាមជាប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយជម្លោះ និងសោកនាដកម្មរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវភាពក្រីក្រនិងភាពអស់សង្ឃឹមរបស់កុមារស៊ីរី។ កុមារជាច្រើនបានបាត់បង់គ្រួសារ និងគ្មានកន្លែងសម្រាប់ពឹងផ្អែក។ មិនត្រឹមតែប៉ុណ្ណឹងទេ កង្វះទឹកស្អាតក៏កំពុងក្លាយជាការគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លង។

បន្ថែមពីលើសកម្មភាពគាំទ្រអាហារនិងទឹកស្អាត អង្គការយូនីសេហ្វកំពុងអនុវត្តផែនការថ្មីដើម្បីគាំទ្រអាហារូបត្ថម្ភ ការការពារសុខភាព និងសុវត្ថិភាពអប់រំសម្រាប់កុមារស៊ីរីនាពេលខាងមុខ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសហប្រជាជាតិបានប្រកាសរៃអង្គាសថវិកាចំនួនជាង ១ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការសង្រ្គោះនៅក្នុងប្រទេសទួរគី ហើយក៏បានប្រកាសស្នើសុំ៤០០លានដុល្លារសម្រាប់ប្រជាជនស៉ីរីដែលរងគ្រោះផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Al Jazeera


ចែករំលែក៖