ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណៈដែលប្រទះឃើញស្ត្រីម្នាក់ស្លាប់ហើមអណ្ដែតនៅក្នុងទឹកបៀដែលគេសង្ស័យថាប្រហែលជាគាត់ស្រវឹងស្រាដើរមិនប្រយត្ន័រអិលជើងធ្លាក់ចូលក្នុងទឹកបៀបណ្តាលឱ្យលង់ទឹកស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៣នៅក្នុងភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះហង់ សាន អាយុ៧៨ឆ្នាំ ជនជាតិខ្មែររស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។
ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសហការជាមួយលោកវេជ្ជបណ្ឌិតចាន់ ធា ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែករមាសហែក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ត្រាចដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យសាកសព។
ប្រភពបន្តថា តាមការស្រាវជ្រាវនិងពិនិត្យសាកសព សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនមានករណីផ្សេងពីនេះនោះទេ ហើយនៅលើខ្លួនសាកសពក៏ពុំមានស្លាកស្នាមអ្វីដែរ។
តាមការបំភ្លឺពីឈ្មោះហង់ សឿន ភេទស្រី អាយុ៤៤ឆ្នាំ ជាកូនបង្កើតរបស់សពរស់នៅផ្ទះជាមួយគ្នា និងឈ្មោះសេក ស្រីនាត ភេទស្រី អាយុ៣៣ឆ្នាំត្រូវជាកូន បានឱ្យដឹងថា កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច ម្ដាយរបស់ខ្លួនបានហូបស្រាស្រវឹងហើយដើរចេញបាត់ពីផ្ទះរហូតដល់ពេលយប់ពុំឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារបានតាមរកតែរកមិនឃើញ។ លុះព្រឹកឡើងបាននាំគ្នាបន្តតាមរកទៀត រហូតដល់ម៉ោង៤រសៀលទើបរកឃើញស្លាប់អណ្ដែតទឹកបៀបាត់ទៅហើយ។
ក្រោយពីធ្វើការពិនិត្យចប់សព្វគ្រប់រួចមក សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សពជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន