ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ស្រុក​ស្វាយ​ទាប​ ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់មកសាកសួរបន្ទាប់ពីផ្ទុះក្នុងបណ្ដាញសង្គមហ្វេសប៊ុកបើករថយន្ត ដោយសភាពរេចង្កូតចុះឡើងពេញផ្លូវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចអធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់មកសាកសួរបន្ទាប់ពីផ្ទុះក្នុងបណ្ដាញសង្គមហ្វេសប៊ុកបើករថយន្ត ដោយសភាពរេចង្កូតចុះឡើងពេញផ្លូវ នៅក្នុងស្រុកស្វាយទាប។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាក្រុម​ការងារ​និង​ប្រតិកម្ម​រហ័ស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ចំពោះ  ផេកសារព័ត៌មាន ដែលបានធ្វើការចុះផ្សាយនៅ ថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៣​ វេលាម៉ោង​ ០៨:​៣០នាទី  មានរថយន្តមួយគ្រឿងម៉ាក Camery Hybrid ពណ៌ទឹកមាស បើកបរដោយជនជាតិចិន មានសភាពរេចង្កូតចុះឡើងពេញផ្លូវ ទិសដៅពីកើតទៅលិច មកដល់ត្រង់ចំណុច គីឡូម៉ែត្រលេខ០៨ រួចបត់ត្រឡប់ក្រោយទៅទិសខាងកើតវិញ។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាបស្ដីទី បញ្ជាកម្លាំងជំនាញ ចុះឃាត់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ និងធ្វើតេស្តជាតិអាល់កុល ។

ដោយជាលទ្ធផលគឺ គ្មានជាតិអាល់កុលនោះទេបើ តាមចម្លើយរបស់អ្នកបើកបរថា ខ្លួនងងុយដេកដោយមិនបានដេកពេញមួយយប់ មូលហេតុ ចេញពីធ្វើការវេនយប់ ។

​បច្ចុប្បន្ន​សមត្ថកិច្ច បានធ្វើការអប់រំដល់ជនជាតិចិនរូបនេះកុំឱ្យបើកបរក្នុងស្ថានភាពងងុយដេកទៀតព្រោះអាចគ្រោះថ្នាក់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងបានផ្ដល់កន្លែងស្នាក់នៅរយៈពេលខ្លីដើម្បីបំបាត់ភាពងងុយដេក រួចមានមិត្តភក្តិមកទទួលយកទៅវិញផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖