ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងនិងជប៉ុន ៖ កូរ៉េខាងជើងទើបតែបានបាញ់មីស៊ីលចំនួន ២គ្រាប់ទៅកាន់ដែនសមុទ្រខាងកើត

ចែករំលែក៖

ជប៉ុននិងកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបមិនស្គាល់អត្តសញ្ញាណពីរគ្រាប់នៅព្រឹកថ្ងៃទី២០ខែកុម្ភៈ ចូលទៅក្នុងសមុទ្រខាងកើត។
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា មន្ត្រីកូរ៉េខាងត្បូងនិងជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើត នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងក៏បាននិយាយផងដែរថា ខ្លួនបានរកឃើញមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ដែលបាញ់ចេញពីប្រទេសកូរ៉េខាងជើង។
កូរ៉េខាងត្បូងបាននិយាយថា កាំជ្រួចត្រូវបានបាញ់ចេញពីតំបន់ Sukchon នៃខេត្ត South Pyongan ក្នុងប្រទេសកូរ៉េខាងជើង ចន្លោះពីម៉ោង ៧និង០០នាទីព្រឹក ដល់ម៉ោង ៧និង១១នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ (ម៉ោងក្នុងតំបន់)។
ក្រសួងការពារជាតិជប៉ុនបានកត់ត្រាថា កាំជ្រួចទីមួយត្រូវបានបាញ់បង្ហោះនៅម៉ោងប្រហែល ៦ និង ៥៩នាទីព្រឹក ហើយហោះបានចម្ងាយប្រហែល៤០០គីឡូម៉ែត្រ ដោយឈានដល់រយៈកម្ពស់អតិបរមាប្រហែល ១០០ គីឡូម៉ែត្រ។ កាំជ្រួចទី២ត្រូវបានបាញ់នៅម៉ោងប្រហែល៧និង១០នាទីព្រឹក ឡើងដល់កម្ពស់អតិបរមាប្រហែល៥០គីឡូម៉ែត្រ ។
ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់បង្ហោះ កូរ៉េខាងជើងបានសារភាពថាបានធ្វើសមយុទ្ធមីស៊ីលនៅម៉ោងប្រហែល៧ព្រឹកថ្ងៃទី ២០ខែកុម្ភៈ ប៉ុន្តែមិនបាននិយាយអំពីការបាញ់មីស៊ីលផ្លោងនោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
មុននោះ នាថ្ងៃទី១៨ ខែកុម្ភៈ កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM)។ នេះជាការសាកល្បងអាវុធរយៈចម្ងាយឆ្ងាយជាលើកទី៣របស់ក្រុងព្យុងយ៉ាងក្នុងរយៈពេលមិនដល់មួយឆ្នាំផង។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ផ្លូវការរបស់កូរ៉េខាងជើង បាននិយាយថា កាំជ្រួច Hwasong-15 ត្រូវបានបាញ់ក្នុងអំឡុងពេល “សមយុទ្ធបាញ់បង្ហោះ ICBM ដ៏គួរឱ្យភ្ញាក់ផ្អើល” តាមការបញ្ជារបស់មេដឹកនាំ គីម ជុងអ៊ុន។ យោងតាម KCNA មីស៊ីលនេះបានហោះបានចម្ងាយ ៩៨៩ គីឡូម៉ែត្រក្នុងរយៈពេលជិត៦៧នាទី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ KCNA


ចែករំលែក៖