ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកដែលផ្តាច់ខ្លួនពីមេដឹកនាំជ្រុលនិយម (សម រង្ស៊ី) នឹងត្រូវលើកលែងទោសឱ្យ

ចែករំលែក៖

ភ្នំពេញ ៖ សារដ៏មានសារៈសំខាន់ នឹងផ្តល់ឱកាសអោយក្រុមជ្រុលនិយមច្រើន តាមរយៈចិត្តសណ្តោស ប្រកបដោយ គុណធម៌ ពីសម្តេចតេជោ ហ៊ុនសែន ។ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជ្រោយចង្វារ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានថ្លែងថា សម្តេចអាចលើកលែងទោសឱ្យអ្នកដែលផ្តាច់ខ្លួនពីមេដឹកនាំជ្រុលនិយម (សម រង្ស៊ី) ទោះបីជាធ្លាប់ជេរប្រមាថសម្តេចក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បងប្អូនខ្មែរនៅក្រៅប្រទេស ទាំងអ្នកដែលធ្លាប់ជេរសម្តេចក៏ដោយ សូមអញ្ជើញមកលេងស្រុកកំណើតដោយកុំមានការភ័យខ្លាចឱ្យសោះ ដើម្បីមើលឃើញពីការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ពិសេសមកលេងក្នុងឱកាសអង្គរសង្រ្កាន្ត និងការរៀបចំការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ជនបរទេសកុំមកពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ខណៈសម្តេចបានសម្រេចថានឹងមិនឱ្យ VOD រស់ឡើងវិញឡើយ។

សម្តេចតេជោ បានថ្លែងថា៖ «ជនបរទេសនានា ខ្ញុំបានរំលឹក សុំមក កុំមកពាក់ព័ន្ធ ប្រទេសនេះប្រទេសកម្ពុជា មិនមែនប្រទេសអស់លោកទេ»។

សម្តេចបានបន្ថែមថា៖ «កុំសង្ឃឹមថានឹងរស់ឡើងវិញ តាមរយៈការទៅពឹងបរទេសនោះ បើពឹងបានគណបក្សដែលរំលាយទៅហើយ នឹងរស់ឡើងវិញបានហើយ មិនមែនគ្រាន់តែកូនវិទ្យុដ៏តូចមួយហ្នឹងទេ»។

សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថា ទោះបីបិទវិទ្យុ VOD ក៏មិនធ្វើឱ្យសេរីភាពសារព័ត៌មានធ្លាក់ចុះដែរ ផ្ទុយទៅវិញគឺជាការពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានបានត្រឹមត្រូវ។

សម្តេចតេជោបានលើកឡើងថា ការដែលសម្រេចបិទវិទ្យុ VOD យ៉ាងឆាប់រហ័សនេះ គឺក៏ព្រោះតែមានកត្តាជំរុញពី អ្នកបញ្ចេញមតិចំនួន ២នាក់ ដែលស្នើឱ្យសម្តេច ទុកពេលឱ្យ VOD បកស្រាយ និងពិចារណាលើការសម្រេចចិត្តបិទវិទ្យុមួយនេះឡើងវិញ។

តែយ៉ាងណាសម្តេចបានសម្រេចផ្តល់ក្របខណ្ឌរដ្ឋដល់បុគ្គលិក VOD ណាដែលចង់ចូលបម្រើការងារនៅតាមក្រសួងដែលខ្លួនចង់ចូល។ ប៉ុន្តែសម្តេចកំណត់ឱសានវាទត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣៕  

ដោយ ៖ សហការី


ចែករំលែក៖