ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចជំនាញក្រុងកោះរ៉ុង ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០និង១៥នាទី មានប្រជាពលរដ្ឋបានមកប្តឹងរាយការណ៍ថា នៅចំណុចរីហ្សត MOONLIGHT ស្ថិតក្នុង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់បង្អួចបន្ទប់ស្នាក់នៅ និងបានលួចយកនូវសម្ភារៈមួយចំនួន ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួច លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទីរសៀល កម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសួរនាំ ។
សម្ភារវត្ថុតាងចាប់យកបាន៖
-ម៉ូតូចំនួន ១គ្រឿង ម៉ាក KAWASAKI KSR ពណ៌លឿងបិតស្កុតពណ៌ខ្មៅ (គ្មានស្លាកលេខ)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង មាន៖
១-ម៉ាក Iphone12 pro max ពណ៌ទឹកមាស ០១គ្រឿង (ផលនៃអំពើលួច)។
២-ម៉ាក Iphone14 pro max ពណ៌ស្វាយ ០១គ្រឿង (ផលនៃអំពើលួច)។
បច្ចុប្បន្ននៅព្រឹកថ្ងៃចន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
ដោយ៖ អរុណរះ