ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមជាអធិបតីពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍គម្រោងខ្សែច្រវាក់តម្លៃដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។
ក្នុងពិធីនេះលោករដ្ឋមន្ត្រី បានបង្ហាញនូវការស្វាគមន៍ និងគាំទ្រ ទាំងលើទិដ្ឋភាពបច្ចេកទេស ច្បាប់ និងពាណិជ្ជកម្ម នៃការចុះអនុស្សរណៈ (MOU) លើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនខូហ្វី និងអង្គការ SNV ប្រទេសហូឡង់ និងការប្រែប្រួលអាកាសធាតុ (DFCD) ក្នុងចូលរួមកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពីវិស័យឯកជនតាមរយៈការដាំកាហ្វេគោរពតាមគោលការណ៍បរិស្ថាន និងចាប់យកឱកាសបង្កើនប្រាក់ចំណេញ។
បើតាមលោករដ្ឋមន្ត្រី ការចុះ MOU ថ្ងៃនេះ ជាការផ្សព្វផ្សាយសកម្មភាពលើកកម្ពស់បរិស្ថាន និងជួយដល់កសិករកម្ពុជា តាមរយៈការដាំកាហ្វេតាមបច្ចេកទេសដែលមានគុណភាពស្តង់ដាទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយរំពឹងថាកាហ្វេកម្ពុជានឹងត្រូវបានគេស្គាល់នៅលើពិភពលោក។ ដើម្បីសម្រេចការងារនេះ ក្រសួងនឹងជួយជ្រោមជ្រែងលើការដាំកាហ្វេនេះ ឱ្យបានត្រឹមត្រូវតាមស្តង់ដា ថែមទាំងមានទីផ្សារ មានផែនការវិនិយោគច្បាស់លាស់ និងមាននិរន្តរភាពសេដ្ឋកិច្ច៕
ដោយ៖ សូរិយា