ភ្នំពេញ ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ស្នើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mei Ling, Visal Leng និង Sunny Unwell ចូលខ្លួនមកដោះស្រាយជាមួយសហព័ន្ធ ស្តីអំពីការ Share និង Comment ដោយគ្មានមូលដ្ឋានច្បាស់លាស់ប៉ះពាល់ដល់កត្តិយសរបស់សហព័ន្ធជាតិ ឲ្យបានមុនថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ជាកំហិត។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមជម្រាបជូនម្ចាស់គណនីហ្វេសប៊ុកដែល មានឈ្មោះ Mei Ling (Share), Visal Leng (Comment) និង Sunny Unwell (Comment) ជ្រាបថា សហព័ន្ធ កីឡាអេឡិចត្រូនិកកម្ពុជា (EFC) គឺជាសមាជិកពេញសិទ្ធិរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានតួនាទី និងភារកិច្ច ដឹកនាំ អភិវឌ្ឍ រៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ និងគ្រប់គ្រងសកម្មភាព និងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក (E-sports) នៅទូទាំងព្រះរាជាណាចក្រ កម្ពុជា។
ព្រឹត្តិការណ៍ប្រកួត Road to : Sea Games 2023 ជាព្រឹត្តិការណ៍មួយដ៏សំខាន់ និងមានតម្លៃសំរាប់ សហព័ន្ធ និងអ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។ ការ Share និង Comment របស់គណនីហ្វេសប៊ុកឈ្មោះ Mei Ling, Visal Leng និង Sunny Unwell កាលពីថ្ងៃខាងលើបានបង្កឲ្យមានការយល់ច្រឡំមកលើការរៀបចំ របស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ពីស្រទាប់មហាជន ជាពិសេសអ្នកស្នេហា Esports។
អាស្រ័យហេតុនេះ សូមម្ចាស់គណនីហ្វេសប៊ុកខាងលើជ្រាបជាព័ត៌មាន និងត្រូវចូលមកដោះស្រាយ ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាឲ្យបានមុន ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ជាកំហិត ក្នុងករណីមិនចូលខ្លួនមក ដោះស្រាយដោយបំពានសិទ្ធិរបស់សហព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាជាធរមាន ៕
ដោយ ៖ សិលា