ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ខេត្ត​កំពត​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​០៤នាក់​ករណី​ជួញដូរ​គ្រឿងញៀន​០៣ករណី​ផ្សេង​គ្នា​

ចែករំលែក៖

​ខេត្តកំពត​៖​ យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មនុស្ស​ប្រុស​ស្រី​ចំនួន​ ៤នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៃស្នងការនគរបាលខេត្តកំពត​ ឃាត់ខ្លួន​ជាបន្ដបន្ទាប់​​​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ ០៣ករណី​ផ្សេង​គ្នា​។ 

ប្រភពព័ត៌មាន​ដដែល​បន្តថា​ ករណី​ទី១,​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ កាលពី​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ បាន​បង្ក្រាប​ បទល្មើស​ជួញដូរ​ និង​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០២​ករណី​ផ្សេង​គ្នា​ ក្នុង​នោះ​០១​ករណី​នៅ​ភូមិ​តា​អង្គ​ សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត​ ខេត្តកំពត​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ និង​១​ករណី​ទៀត​នៅ​ភូមិ​អន្លង់​ម៉ាក់​ប្រាង្គ​ ឃុំ​ស្ទឹង​កែវ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​ ។​

​សរុប​ជនសង្ស័យ​ទាំង​០២​ករណី​រួម​មាន​ចំនួន​០៣​នាក់​ ៖​ ១-​ឈ្មោះ​ ឡាយ​ ប្រុ​ញ​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ស្នំ​ប្រាំពីរ​ ឃុំ​ម៉ាក់​ប្រាង្គ​  ស្រុក​ទឹកឈូ​ ខេត្តកំពត​ ។​ ២-​ឈ្មោះ​ សា​អាត​ គ​ន្ធា​ ភេទ​ស្រី​ អាយុ​ ៣០​ ឆ្នាំ​ រស់នៅ​ភូមិ​ស្នំ​ប្រាំពីរ​ ឃុំ​ម៉ាក់​ប្រាង្គ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ។​ ៣-​ឈ្មោះ​ លឹ​ម​ ស្រី​នា​ត​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ អន្លង់​ម៉ាក់​ប្រាង្គ​ ឃុំ​ស្ទឹង​កែវ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ។​

​វត្ថុ​តាង​ដកហូត​រួម​មាន​ ៖​ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៣​កញ្ចប់​,​ -​ទូរស័ព្ទ​ដៃ​០៣​គ្រឿង​,​ -​ ម៉ូតូ​០៣​គ្រឿង​,​ -​ ជញ្ជីង​អេ​ឡិច​ត្រូ​និក​១​ ។​

លុះនៅយប់ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ និង​ប្រើប្រាស់​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណីទៀត​ ស្ថិត​ភូមិ​ក្រាំង​ដូង​ ឃុំ​សំរោង​ក្រោម​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ មួ​ង​ សុខា​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ក្រលា​ខាងលិច​ ឃុំ​ទូក​មាស​ខាងលិច​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​ ។​

​វត្ថុ​តាង​ដកហូត​រួម​មាន​ ៖​ -​ម្សៅ​ក្រាម​ព៌​ណ​ស​ថ្លា​សង្ស័យ​ជា​សា​ធាតុ​ញៀន​០១​កញ្ចប់​ -​ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​ ។​

​បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៤នាក់​ និង​វត្ថុ​តាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ដោយ៖ ស តារា


ចែករំលែក៖