ភ្នំពេញ ៖ បឹងដ៏ធំដែលអ្នកស្រុកហៅតៗគ្នាថា«ទន្លេផែន» ស្ថិតនៅរយៈកម្ពស់១៤០០ម នៅលើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ មានដើមឈើធំៗខ្ពស់ៗ នៅព័ន្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង៤០០ម និងទទឹងជាង២០០ម។ នេះជាបញ្ជាក់ពី លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើផេកផ្លូវការ របស់លោក ។
លោករដ្ឋមន្ត្រីបានបន្តថា,តាមអ្នកភូមិបានបញ្ជាក់ថា ពីមុនមក កម្រមាននរណាទៅដល់កន្លែងបឹងនេះ មានតែអ្នកភូមិចំនួន៤ទៅ៥នាក់ នៃឃុំអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះប៉ុណ្ណោះ ហើយក៏មិនដែលបានមកសម្រាកក្បែរមាត់បឹងនេះ។#កម្ពុជាមាតុភូមិខ្ញុំ។
សូមបញ្ជាក់ថា : លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន តែបង្ហោះនូវព័ត៌មាន ពាក់ព័ន្ធ បរិស្ថាន ធម្មជាតិ តំបន់រមណីយដ្ឋានកម្សាន្ត ប្រវត្តិនៃតំបន់និមួយៗ តំបន់សត្វព្រៃ សត្វព្រៃ សំណង់បុរាណ ប្រាសាទ សកម្មភាពមន្ត្រីអភិរក្សការពារតំបន់ព្រៃឈើ បរិស្ថាន សត្វព្រៃ និងសំណូមដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារ សត្វព្រៃ ព្រៃឈើ នេះ ជាដើម ៕
ដោយ ៖ សិលា