ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលបីថ្ងៃអគ្គិភ័យបានឆាបឆេះទីតាំង៤កន្លែងនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មួយរយៈនេះនៅក្រុងប៉ោយប៉ែតអគ្គិភ័យបានឆាបឆេះជាច្រើនករណីដោយមិនគិតពីការឆាបឆេះកាស៊ីណូនិងការឆាបឆេះផ្ទះអាជីវករលក់ដូរគ្រឿងអគ្គិសនីនោះទេគីចាប់គិតពីត្រឹមថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៣មក។

   យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យបានកើតឡើងចំនួន៤ករណីគឺ៖

    ករណីទី១ អគ្គិភ័យបានឆាបឆេះព្រៃនៅចំណុចផ្លូវស្តង់តាងួនឋិតក្នុងភូមិគីឡូម៉ែតបួន សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតនៅវេលាម៉ោង២១និង១០នាទីថ្ងៃទី ២១ខែកុម្ភៈឆ្នាំ២០២៣ ដោយសារប្រជាពលរដ្ឋដុតយកឃ្មុំបណ្ដាលឱ្យឆាបឆេះរាលដាលតែម្ដង។

    ករណីទី២ អគ្គិភ័យបានឆាបឆេះគំនរសំរាម។ មូលហេតុដោយសារប្រជាពលរដ្ឋបង្ហោះគោមពីកន្លែងបញ្ចុះសីមាវត្តទួលពង្រ ហោះមកធ្លាក់លើគំនរសំរាមបណ្តាលឱ្យឆេះរាលនៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០១នឹង៤៥នាទីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៣។

    ករណីទី៣ អគ្គិភ័យឆាបឆេះឃ្លាំងអេតចាយដ៏ធំមួយនៅវេលាម៉ោង១០និង២៤នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៣តាមបណ្ដោយផ្លូវជាតិលេខ៥ស្ថិតនៅក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

មូលហេតុដោយសារជាងផ្សារដែកមិនប្រយត្នបណ្ដាលឱ្យមានអណ្តាតភ្លើងឆាបឆេះតែម្ដង។

     ករណីទី៤ អគ្គិភ័យបានឆាបឆេះព្រៃក្នុងចម្ការស្វាយមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមិនដឹងមូលហេតុ។

    ករណីខាងលើនោះដែរសមត្ថកិច្ចគ្រប់ស្ថាប័នបានសហការជាមួយអាជ្ញាធរចុះជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ដោយមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះពលរដ្ឋឡើយ។ ក្នុងហេតុការណ៍ខាងលើនេះផងដែរក៏មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចឡើយ។

ក្នុងនោះអាជ្ញាធរក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកត្តាអគ្ភិភ័យព្រោះជារដូវក្ដៅ។ ជាមួយគ្ននេះដែរលោកអធិការក្រុងប៉ោយប៉ែតក៏បានបង្ហាញនូវខ្សែទូរស័ព្ទជាច្រើនខ្សែដើម្បីងាយទំនាក់ទំនងទៅនឹងបញ្ហាអសន្តិសុខក្នុងភូមិដែលមានករណីអ្វីមួយកើតឡើងដូចជាអគ្គិភ័យនិងករណីផ្សេងៗផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖