ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឱ្យដឹងថា ស្រ្តីម្នាក់ដែលមានជំនាញធ្វើសកម្មភាពលួចគ្រឿងអលង្ការជាច្រើនលេីក សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ ត្រូវបានកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចតុមុខ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ០១នាក់ ពាក់ពន្ធ័ករណីលួច(គ្រឿងអលង្ការដែលមានតម្លៃសរុបជាង ៤.៦៥០ដុល្លារ)ស្ថិតនៅចំណុចមុខផ្សារផេនសលមាត់ទន្លេ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សឿម ធារី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ជាប ធី ភេទប្រុស អាយុ២៩ឆ្នាំ មុរខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាតស្រះចក។
ដោយឡែកវត្ថុតាងដកហូតរួមមាន៖ -លោហធាតុពណ៌ទង់ដែង មានតម្លៃ៤.៦៥០ដុល្លារ ចំនួន០១ឈុត
-ទូរស័ព្ទដៃម៉ាកXaomi ពណ៌ខ្មៅ ចំនួន០១គ្រឿង
-នាឡិកាដៃម៉ាក MICHAEL KORS ពណ៌មាស ចំនួន០១គ្រឿង។
មន្រ្តីជំនាញបានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលេី ធ្លាក់បានសកម្មភាពលួចវត្ថុមានតម្លៃជាច្រេីនលេីក សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារអាមេរិកផងដែរ ចុងក្រោយអស់លក្ខណ៍ត្រូវបានកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីបន្តនីតីវិធីច្បាប់៕
ដោយ៖សហការី