ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយកម្លាំងរាជធានី និងខេត្តសៀមរាប បំបែកក្រុមស្ទាក់កាប់ប្លន់យកម៉ូតូនៅស្រុកមុខកំពូលបានជនសង្ស័យ៥នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្តាល,លោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តសៀមរាប បំបែកក្រុមចោស្ទាក់កាប់ប្លន់នៅស្រុកមុខកំពូលបានជនសង្ស័យ០៥នាក់ រួមនិងវត្ថុតាងមួយចំនួនធំ ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងហេតុការណ៍ដំបូងបានកើតឡើងនៅថ្ងៃ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២និង ៤០នាទី នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ៦ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ម៉េង លីសុធា ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅក្នុងដេប៉ូលក់អីវ៉ាន់បោះដុំ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យ៧នាក់ ឃាត់ខ្លួនបាន០៥នាក់ និង០២នាក់ទៀតរត់គេចខ្លួន ទី១ឈ្មោះ ឆៃ អៀងឡេង ហៅឆ្លាំង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ,ទី២ឈ្មោះ ហុក សំណាង ហៅបឺតភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ,ទី៣ឈ្មោះអឿន ម៉ុងហាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិចំបក់មាសសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ,ទី៤ឈ្មោះ សើ ឈុនឡេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់មាសសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនិង ទី៥ ឈ្មោះ ដុំ សុខវិសាល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភឆ្នាំ២០២៣ វេលាម៉ោង២០និង៣០នាទី ជនសង្ស័យឈ្មោះ ឆៃ អៀងឡេង ហៅឆ្លាំង ឈ្មោះ ហុក សំណាង ហៅបឺត និងឈ្មោះ ដុំ សុខវិសាល នៅបុរីហាយលែន ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ក្រោយមកជនសង្ស័យឈ្មោះ វី សុភា ក៏បានជិះម៉ូតូម៉ាក Honda C90(គប់ជ្រុង) ពណ៌ទឹកប៊ិកពាក់ផ្លាកលេខកណ្ដាល 1A-6735 មកដល់ ហើយ ក៏បានជុំគ្នាផឹកស៊ីនៅទីនោះ។ 

បន្ទាប់មកជនសង្ស័យឈ្មោះ វី សុភា សួរទៅជនសង្ស័យឈ្មោះ ហុក សំណាង ហៅបឺត ថា៖ អ្ហែងមានកាំបិតអត់ អញយកទៅកាប់គេមួយនៅស្ពានលេខ១៣។ ភ្លាមនោះជនសង្ស័យឈ្មោះ ហុក សំណាង បានឆាតតាម Messenger ទៅជនសង្ស័យឈ្មោះអឿន ម៉ុងហាក់ និង ឈ្មោះ សើ ឈុនឡេង ថា៖ អ្ហែងយកកាំបិតមកជួបអញនៅហាយលែន។ លុះក្រោយមកជនសង្ស័យឈ្មោះ អឿន ម៉ុងហាក់ និងឈ្មោះ សើ ឈុនឡេង ក៏បានយកកាំបិតទៅឲ្យ ជនសង្ស័យ ឈ្មោះ វី សុភា ហើយក៏ជួប ជុំគ្នានៅបុរីហាយលែននោះ។ 

ក្រោយពីជួបជុំគ្នា ជនសង្ស័យឈ្មោះ ហុក សំណាង ក៏និយាយថា៖ បើជ្រុលទៅកាប់ហើយ កាប់យកម៉ូតូតែម្ដងទៅ ភ្លាមនោះជនសង្ស័យឈ្មោះ វី សុភា ក៏យល់ព្រម។ បន្ទាប់មកក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូមកស្ពានលេខ ១៣។ ពេលមកដល់ស្ថានីយប្រេងឥន្ធនៈ PTT ក៏នាំគ្នាចូលទៅចាក់សាំងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ PTT នោះ។ ពេលចាក់សាំងរួចក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូចុះឡើង រហូតដល់វេលាម៉ោង២២និង៤០នាទី ក៏បានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ហើយក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូដេញតាមពីក្រោយ។ 

ពេលមកដល់ចំណុចកើតហេតុខាងលើ ពេលជនរង គ្រោះកំពុងចុះទៅបត់ជើងតូច ភ្លាមនោះក្រុមជន សង្ស័យទាំង៧នាក់ មធ្យោបាយម៉ូតូចំនួន ០៤គ្រឿង, ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ចំនួន ០២គ្រឿង,ម៉ូតូម៉ាក Suzuki Nex ០១គ្រឿង និងម៉ូតូម៉ាកគប់ជ្រុង ០១ គ្រឿងទៀត បានធ្វើសកម្មភាពកាប់ជនរងគ្រោះ ដោយជនសង្ស័យជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ជាអ្នកធ្វើសកម្មភាពកាប់ទៅ លើជនរងគ្រោះជាច្រើនកាំបិតត្រូវចំកំភួនដៃចំស្មាខ្នង។ ពេលនោះជនរងគ្រោះក៏បានរត់ និងស្រែកឲ្យគេជួយ ។  ចំណែកក្រុមជនសង្ស័យ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ នាំគ្នាជិះសំដៅទៅទិសខាងត្បូង ចូលទឹកដីខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គេចខ្លួនបាត់ ។ បន្ទាប់មក ជនរងគ្រោះបានរត់ទៅកន្លែងធ្វើការ នៅក្នុងស្តង់ដេប៉ូលក់អីវ៉ាន់ ប្រាប់មេការឲ្យទូរស័ព្ទប្តឹងសមត្ថកិច្ច។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅកន្លែងកើតហេតុស្រាវជ្រាវ ។ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកមុខកំពូល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបខេត្តសៀមរាបឃាត់ ខ្លួនជនសង្ស័យបាន៥នាក់ ឈ្មោះ ឆៃ អៀងឡេង,ឈ្មោះ ហុក សំណាង ហៅបឺត, ឈ្មោះ ដុំ សុខវិសាល, ឈ្មោះ អឿន មុងហាក់ ហៅរក្ស និងឈ្មោះ សើ ឈុនឡេង រួមនិងវត្ថុតាងដូចបានរៀបរាប់ខាងលើ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង ០៥នាក់ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះយកម៉ូតូពិតប្រាកដមែន៕

ដោយ៖ សូរិយា


ចែករំលែក៖