ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម​ ស​ ខេង ​៖​ អាជ្ញាធរមូលដ្ឋានខេត្តនានា ដែលជាប់ព្រំដែន ដាច់ខាតមិនឱ្យមានការជួលដីណាមួយពីសំណាក់ពលរដ្ឋខ្មែររស់នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យទៅពលរដ្ឋ ឬភាគីណាមួយនៃប្រទេសជិតខាង ទោះក្រោមរូបភាពណាក៏ដោយ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគារ សុខាភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានរាយការណ៍អំពីលទ្ធផល នៃការពិភាក្សាក្នុងសន្និបាតលើប្រធានបទ ស្ដីពីការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សក្នុងទីស្ដីការគណៈរដ្ឋមន្រ្តី និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការលើកកម្ពស់សេវារដ្ឋបាល ការដោះស្រាយសំណើ សំណូមពរប្រជាពលរដ្ឋ ការងារអន្តោប្រវេសន៍ ការងារអត្តសញ្ញាណកម្ម និងការងារពន្ធនាគារ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអស់លោក លោកស្រី​ ដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវរបៀបវារៈ និងកម្មវិធីសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃនាពេលនេះ។ សម្ដេចក្រឡាហោម បានឯកភាពចំពោះលទ្ធផលរបស់ក្រុមពិភាក្សានៃសន្និបាត។

នាឱកាសនោះ សម្ដេចក្រឡាហោម​ ក៏បានមានប្រសាសន៍ផ្ដល់អនុសាសន៍ណែនាំបន្ថែមលើការងារសំខាន់មួយចំនួន ក្នុងនោះសម្ដេចបានណែនាំអង្គសន្និបាតបន្តថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីធានារក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនគ្រប់វិស័យជាបន្តទៀត។

សម្ដេចក្រឡាហោម​ បានណែនាំឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសជាប់ព្រំដែន និងបណ្ដាប្រទេសនានា ដើម្បីទប់ស្កាត់អំពើភេវរកម្ម ឧក្រិដ្ឋកម្ម បទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀនខុសច្បាប់ បទល្មើសបច្ចេកវិទ្យា និងបទល្មើសជួញដូរមនុស្ស។ សម្ដេចបន្តថា ការងារនេះក្រសួងបានសហការ ជាមួយបណ្ដាប្រទេសនានាជាបន្តបន្ទាប់ហើយ ប៉ុន្តែត្រូវពង្រឹងយន្តការដែលមានស្រាប់បន្ថែមទៀត។

សម្ដេចបានណែនាំរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាននានា នៃខេត្តជាប់ព្រំដែន ត្រូវធានាឱ្យបានជាដាច់ខាតមិនឱ្យមានការជួលដីណាមួយពីសំណាក់ពលរដ្ឋខ្មែររស់នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យទៅពលរដ្ឋ ឬភាគីណាមួយនៃប្រទេសជិតខាង ទោះក្រោមរូបភាពណាក៏ដោយ។ សម្ដេចណែនាំឱ្យរៀបចំឯកសារគតិយុត្តបន្ថែម ដើម្បីធានាអនុវត្តការងារនេះ ដោយចាត់ទុកថាផ្នែកមួយ នៃកិច្ចការពារបូរណភាពទឹកដី។

សម្ដេចក៏បានណែនាំឱ្យមន្រ្តីពាក់ព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ឱ្យបានត្រឹមត្រូវ និងត្រូវធានាមិនឱ្យមានការប៉ះពាល់ដល់សកម្មភាពត្រឹមត្រូវរបស់ជនបរទេស ទាំងទេសចរណ៍ និងធុរជន។ សម្ដេចបានសង្កត់ធ្ងន់ថា រាល់ជនបរទេសទាំងឡាយដែលមានសកម្មភាពបំផ្លាញដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ត្រូវតែអនុវត្តវិធានការច្បាប់ ផ្ទុយទៅវិញត្រូវលើកទឹកចិត្ត និងគាំពារឱ្យបានល្អសម្រាប់ជនបរទេស ដែលធ្វើសកម្មភាពត្រឹមត្រូវ។

សម្ដេចក្រឡាហោម ស ខេង ក៏បានទាញចំណាប់អារម្មណ៍អង្គសន្និបាតឱ្យយកចិត្តទុកបន្ថែមទៀតការបង្ក្រាបល្បែងស៊ីខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ រាប់ទាំងល្បែងអនឡាញផង ប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើជួយដូរមនុស្សគ្រប់ទម្រង់។ សម្ដេចសង្កត់ធ្ងន់ថា បទល្មើសនេះនឹងមិនសាបរលាបនោះឡើយ ពោលគឺឱ្យតែមានការធ្វេសប្រហែស និងខ្វះការយកចិត្តទុកដាក់វានឹងកម្រើកឡើងវិញ។

សម្ដេចបានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៣នេះ កិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គឺភារកិច្ចយុទ្ធសាស្រ្ត និងមានអាទិភាពបំផុត ដ្បិតកម្ពុជាត្រូវរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។ សម្ដេចចាត់ទុកអង្គសន្និបាតនាថ្ងៃនេះ ថា ជាតួអង្គសំខាន់ដែលត្រូវសហការគ្នាជាមួយតួអង្គផ្សេងទៀត នៃរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យសម្រេចបានជោគជ័យសម្រាប់ឆ្នាំ២០២៣នេះ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជូនអង្គសន្និបាតអំពីការអនុវត្តការងារពង្រឹងធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ តាមទម្រង់សាជី ពោលគឺកាត់បន្ថយក្របខ័ណ្ឌនៅតាមបណ្ដាអង្គភាពខាងលើៗ ដើម្បីបែងចែក និងពង្រាយក្របខ័ណ្ឌនេះទៅឱ្យអង្គភាពនគរបាលនៅតាមមូលដ្ឋានខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់គាំទ្រដល់កម្លាំងប្រជាការពារ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិយកចិត្តទុកដាក់អនុវត្តមុខងារដែលថ្នាក់ជាតិបានផ្ទេរទៅឱ្យជាបន្តបន្ទាប់ ដើម្បីធានាផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ពង្រឹងការអនុវត្តយន្តការច្រកចេញចូលតែមួយ និងរៀបចំធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីប្រមូលសំណើរ សំណូមពរ និងកង្វល់នានារបស់ពលរដ្ឋយកមកដោះស្រាយឱ្យមានប្រសិទ្ធភាព។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាន៍លើការងារសំខាន់ៗមួយចំនួនទៀត ដូចជាការងារអត្តសញ្ញាណកម្ម ការងារពន្ធនាគារ ការអនុវត្តទោសសហគមន៍ ការបណ្ដុះបណ្ដាលនគរបាលជាតិ ការផ្ដល់ស័ក្ដិ និងឋានន្តរស័ក្ដិ ការវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការប្រឆាំងការសម្អាតប្រាក់ជាដើម៕

ដោយ៖ស​ តារា


ចែករំលែក៖