ខេត្តសៀមរាប ៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអញ្ជើញចូលរួមសិក្ខាសាលាពិនិត្យឡើងវិញការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅសណ្ឋាគាររីចេនស៊ី ខេត្តសៀមរាប។
ក្នុងកិច្ចពិធីសម្ពោធនេះលោកស្រី បានលើកឡើងពីបទពិសោធន៍ដែលធ្លាប់បានឆ្លងកាត់នៃការជន់លិចប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មាន មួយចំនួន ដែលព័ត៌មានខ្លះជាព័ត៌មានមិនត្រឹមត្រូវ ឬមិនពេញលេញ ឬព័ត៌មានក្លែងក្លាយ និងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យច្របូកច្របល់ ដែលរារាំង ការចូលរួម ការឆ្លើយតប របស់បងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ នាពេលកន្លងទីនេះ ដូចនេះហើយការពង្រឹងលើប្រព័ន្ធផ្លូវការ និងមិនផ្លូវការ ដើម្បីកសាងសមត្ថភាពលើការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ឱ្យកាន់តែរឹងមាំ ជាចំណុចដែលត្រូវយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងដើម្បីអាចត្រៀមខ្លួនឆ្លើយតបជំងឺរាតត្បាតថ្មីៗទៀត និង ដើម្បីធានាបាននូវការត្រៀមខ្លួនសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពនាពេលអនាគត។
លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការនេះ ក៏ដូចជាស្នើសុំការបន្តចូលរួមសហការ ដោយម៉ត់ចត់ដោយមានជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក និងអង្គការពាក់ព័ន្ធដទៃទៀតដើម្បីរិះរកនិងឆ្លុះបញ្ចាំងនូវចំនុចខ្លាំងដែលយើងត្រូវធ្វើបន្ត និងចំនុចខ្វះខាតដើម្បីអោយយើងរួមគ្នាកែតម្រូវបន្ថែមទៀតនៅក្នុងផែនការសកម្មភាពត្រៀមរៀបចំសង្គ្រោះបន្ទាន់របស់កម្ពុជា RCCE/SBC ថ្មី ២០២៣-២០២៤ ដែលអនុលោមតាមច្បាប់សុខភាពអន្តរជាតិផងដែរ ៕
ដោយ ៖ សិលា