ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈសង្រ្គោះផ្ទៃទឹក ជូនបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានទ័ពពិសេស

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កិត្តិ​សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសង្រ្គោះផ្ទៃទឹក ជូនដល់ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានទ័ពពិសេស។

ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការ​រង​ កងទ័ពជើង គោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស មាន ប្រសាសន៍ថ្លែងអរគុណចំពោះកិត្តិសង្ហបណ្ឌិត គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ជាសេនាធិការរបស់សម្តេចលើសមរភូមិសង្គោះគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់គិតគូរ និងបានផ្តល់សម្ភារសង្រ្គោះ ដល់បញ្ជាការដ្ឋានជារៀងរហូតមក។ 

ឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានលើកឡើងពីសកម្ម ភាពរបស់ នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំងការចូលរួមរបស់ស្ថាប័នអង្គភាព អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅ ប្រទេសក្នុងពេលកន្លងមក។ លោកបានបញ្ជាក់ដែរថា ការជួយឧត្ថម្ភដល់បញ្ជាការដា្ឋនទ័ពពិសេស នាពេល នេះគឺជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាគុណូបការៈ ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការត្រៀមបង្ការ សង្រ្គោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនកម្លាំងសង្គ្រោះទាំងអស់ និងបានជម្រាបជូនពួកគេថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹកដល់កងកម្លាំងរបស់គ្រប់ជាន់ថ្នាក់។

លោកទេសរដ្ឋមន្ដ្រី បានវាយតំលៃខ្ពស់ និងកោតសសើរ ដល់បញ្ជាការដ្ធានទ័ពពិសេសដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការជួយសង្រ្គោះគ្រោះ មហន្តរាយ នាពេលកន្លងមក។ ទេសរដ្ឋមន្ត្រីបានសង្កត់ ធ្ងន់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតេជោតែងតែគិតគូរ យកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើត ឡើងនៅពេលណានោះទេ ហើយជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបសប្រជាពល រដ្ឋ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រប់ពេលវេលា ព្រមទាំងថែរក្សាសន្តិភាពអោយបានយូរអង្វែងជូនប្រជាពលរដ្ឋរស់នៅ។

លោកបានបន្ថែមថា ការបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស នាពេលនេះ គឺជាការគិតគូរមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះពេលហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើគោក លើទឹក និងលើអាកាសផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយថា ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាសមរភូមិមួយដែលទាមទារឱ្យមានការតាំងចិត្តខ្ពស់បំផុតសម្រាប់អ្នកប្រតិបត្តិការសង្គ្រោះ។ លោកបន្ថែមថា ជីវិតរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍ ឧប្បត្តិហេតុទាំងឡាយ ជាគោលដៅចម្បងបំផុត ដែលអ្នកសង្គ្រោះទាំងអស់ត្រូវតែផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត៕

ដោយ៖ សូរិយា


ចែករំលែក៖