ភ្នំពេញ ៖ ព្រហ្មវិហារធម៌ និងគុណឪពុកម្តាយគឺធំមហាសាល! មិនគួរណាកូនៗខ្លះ គ្មានគិតពីបុណ្យបាប ការផ្តល់កំណើតឱ្យខ្លួនឡើយ។ ហេតុអី សីលធម៌ល្អ អ្នកមិនយកមកប្រតិបត្តិ ដើម្បី កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ខ្លួន ទទួលបាននូវកុសលផលបុណ្យ ?
ជីវិត…គឺមើលមិនឃើញថាថ្ងៃស្អែកនឹងមានមានអ្វីកើតឡើង!
សូមបញ្ជាក់ថា, លោកតា សំ រ៉ុង អាយុ៩៥ឆ្នាំ ដែលទើបបានទទួលយុត្តិធម៌ កាលពីពេលថ្មីៗនេះដោយកូនស្រីបង្កើតបានយល់ព្រមប្រគល់ប្រាក់ $40,000 ជូនគាត់ដើម្បីបញ្ចប់វិវាទកាលពីថ្ងៃទី ១៤ កុម្ភ: ២០២៣ កន្លងទៅ ពេលនេះគាត់បានទទួលមរណភាពហើយ! នេះជាការបញ្ជាក់ឱ្យដឹងពី លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ដួង តារា លើកឡើងថា, កូនៗ…បើមិនបានគោរពស្រឡាញ់ និងមើលថែឪពុកម្តាយទេ មិនគួរធ្វើបាបឱ្យឪពុកម្តាយរស់រងទឹកភ្នែកជារៀងរាល់ថ្ងៃដោយសារទង្វើរបស់ខ្លួនឡើយ។ ពិតណាស់ បើមិនបានផ្តល់ជម្រកដ៏កក់ក្តៅឱ្យឪពុកម្តាយបានរស់នៅសម្រាប់ជីវិតចុងក្រោយទេ ក៏មិនគួរបំផ្លាញជម្រកគាត់ និងសេចក្តីសុខរបស់ពួកគាត់ដែរ!
សូមវិញ្ញាណក្ខន្ធលោកតា សំ រ៉ុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ! ៕
ដោយ ៖ សិលា