ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័រ បេីកឆ្លងផ្លូវត្រូវម៉ូតូជិះបុកបណ្តាលឱ្យរបួសធ្ងន់ស្រាល២នាក់បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុករថយន្តឡង់គ្រីស័របេីកឆ្លងផ្លូវពេញទំហឹងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ឡូវ សៅណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រងរបួសបាក់ភ្លៅស្តាំ ។ ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសស្រាល ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ ជាជាងម៉ូតូ ជិះម៉ូតូហុងដាឌ្រីមឌុបគ្នា កាន់បូមម៉ូតូ យកទៅជួសជុល ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-1222 បើកដោយបុរសជនជាតិចិន បើកឆ្លងកាត់ទទឹងផ្លូវពីកើតទៅលិច ធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកពីទទឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូ រួមទាំងជនជាតិចិនម្នាក់ផង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងវាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖