ក្រុមហង្សក្រហម Liverpool និងក្រុម Everton ត្រូវបានពិន័យដោយសមាគមបាល់ទាត់អង់គ្លេស (FA) បន្ទាប់ពីកីឡាករក្រុមទាំងពីរបានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្នុងអំឡុងពេលការប្រកួត Merseyside Derby កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅនាទីទី៨៦នៃជ័យជម្នះ ២-០ របស់ហង្សក្រហម Premier League នៅកីឡដ្ឋាន Anfield ។
FA បានប្រកាសថា ក្លិបទាំង២បានបរាជ័យក្នុងការធានាថាកីឡាកររបស់ពួកគេបានប្រព្រឹត្តខ្លួនឯងប្រកបដោយរបៀបរៀបរយ និងជៀសវាងពីអាកប្បកិរិយាបង្កហេតុ។ ការពិន័យនេះគឺ Everton ត្រូវបានពិន័យជាប្រាក់៤០,០០០ផោន ខណៈដែល Liverpool ត្រូវបានពិន័យ២៥,០០០ផោន។
ក្រុម Everton បានទទួលការពិន័យធ្ងន់ជាងបន្ទាប់ពីការចោទប្រកាន់ពីមុនក្នុងអំឡុងពេលប្រកួតក្នុងផ្ទះរបស់ពួកគេជាមួយ Crystal Palace កាលពីដើមរដូវកាលនេះ។ កីឡាករមកពីក្រុមទាំងសងខាង រួមទាំងកីឡាករបម្រុងមួយចំនួនបានចូលរួមនៅក្នុងឧប្បត្តិហេតុនេះ។ ហេតុការណ៍នេះបានធ្វើតាមការខ្វែងគំនិតគ្នាដំបូងរវាង Andrew Robertson និងអ្នកចាំទី Jordan Pickford របស់ Everton ដោយកីឡាករទាំង២ទទួលបានកាតលឿងសម្រាប់ការចូលរួមរបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាគមកីឡាបាល់ទាត់អង់គ្លេសបានឲ្យដឹងថា “គណៈកម្មាការនិយតកម្មឯករាជ្យបានដាក់ការផាកពិន័យរបស់ពួកគេក្នុងអំឡុងពេលសវនាការជាបន្តបន្ទាប់ ហើយហេតុផលជាលាយលក្ខណ៍អក្សររបស់ក្រុមទាំង២នឹងត្រូវបានបោះពុម្ពផ្សាយក្នុងពេលសមស្រប”។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុម Liverpool កំពុងឈរលេខរៀងទី៨ មាន៣៥ពិន្ទុ ក្នុង២២ប្រកួតនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Crystal Palace នៅថ្ងៃទី២៥ កុម្ភៈចុងសប្តាហ៍នេះ។ ចំណែកក្រុម Everton កំពុងឈរលេខរៀងទី១៦ មាន២១ពិន្ទុ ក្នុង២២ប្រកួតនឹងត្រូវប៉ះក្រុមភ្ញៀវ Aston Villa នៅថ្ងៃ២៥ កុម្ភៈដូចគ្នានៅក្របខ័ណ្ឌ Premier League ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)