ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក តាកេ ហ្ស៊ឺនសឹកិ រដ្ឋលេខាធិការ នៃក្រសួងការបរទេសជប៉ុន។ នៅក្រោយជំនួប ភាគីទាំងពីរ បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង»។ នេះបើយោងតាមការបញ្ជាក់ពី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា, លិខិតប្ដូរសារដែលបានចុះហត្ថលេខានៅពេលនេះ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងលិខិតប្ដូរសារដែលបានចុះហត្ថលេខារួច នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២។
កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹង ប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ ន ការបង្កើតទំនាក់ទំនងការទូត៕
ដោយ ៖ សិលា