ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្តនៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ខាងលើ បានកើតឡើងនាព្រឹកព្រលឹម ថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤២-១៤៣ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ យ៉ែម កុសល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ(ស្លាប់)មិនពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរឈ្មោះ ម៉េង ស្រីល័ក្ខ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធ)រស់នៅភូមិ.ឃុំជាមួយគ្នា(ធ្ងន់)មិនពាក់មួកសុវត្ថិភាព ។ ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1M 9820 ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច ។
មន្ត្រីនគរបាលស្រុកដដែលបន្តទៀតថា អ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 6380 ធ្វើចរាចរណ៍ស្របទិសគ្នា(កើត លិច)ក្រោយបង្កគ្រោះថ្នាក់អ្នកបើកបរបើករត់គេចទៅប្លុងចោលនៅកន្លែងផ្សេង ។
នគរបាលបញ្ជាក់ទៀតថា មូលហេតុ៖ កត្កាល្បឿន បច្ចុប្បន្ន វត្ថុតាងសមត្ថកិច្ចនគរបាល រក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ៕
ដោយ៖ ប៉ឹម ពិន