ព័ត៌មានទាន់ហេតុការណ៍៖

«ក្រសួងការបរទេសកម្ពុជា នឹងរៀបចំសន្និបាតប្រចាំឆ្នាំ ដើម្បីពិនិត្យមើលអំពីភូមិសាស្ត្រនយោបាយ បញ្ហាតំបន់ ការទូតសេដ្ឋកិច្ច និងកំណែទម្រង់ស្ថាប័ន»

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នឹងរៀបចំសន្និបាតប្រចាំឆ្នាំ ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣ ដោយមាន ការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងជាន់ខ្ពស់ពីស្ថាប័នជាតិពាក់ព័ន្ធ។ គោលបំណងនៃសន្និបាតនេះគឺដើម្បីវាយតម្លៃលើ សមិទ្ធផលការងារការទូត និងរៀបចំផែនការសកម្មភាពថ្មី សម្រាប់គោលនយោបាយការបរទេស ឯករាជ្យ និងផ្អែកតាមច្បាប់។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត និងធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សារយៈពេលពីរថ្ងៃដំបូង លើប្រធានបទស្តីពី ការប្រែប្រួលភូមិសាស្ត្រនយោបាយសកល ការវិវត្តនៃបញ្ហាក្នុងតំបន់ដែលជា ផលប្រយោជន៍ និងក្តីបារម្ភរបស់កម្ពុជា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចក្នុងបរិបទនៃការធ្លាក់ចុះ សេដ្ឋកិច្ចសកល ក៏ដូចជាការបន្តធ្វើកំណែទម្រង់ស្ថាប័ន ជាដើម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតដែលនឹងរៀបចំជាលក្ខណៈផ្ទៃក្នុង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៣ ហើយដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្តល់គោលការណ៍ណែនាំ និង ទិសដៅគោលនយោបាយ ដល់មន្ត្រីការទូតកម្ពុជាទាំងអស់ សំដៅរក្សាផលប្រយោជន៍ស្នូលរបស់ កម្ពុជា ធានាឱ្យបាននូវអធិបតេយ្យភាព និងសន្តិភាព ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច៕

ដោយ ៖ សិលា


ចែករំលែក៖