ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី២៣-២៤ ខែកុម្ភ: ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តប៉ៃលិន នៅជុំទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោក សៅ សារ៉ាត់ អនុប្រធានគណ:កម្មាធិការសាខា កក្រក ខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រី ព្រមទាំងក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល, ក្រុមប្រតិបត្តិសាខា, អនុសាខា, អ្នកស្ម័គ្រចិត្ត, ទីប្រឹក្សាយុវជន, និងយុវជនកាកបាទក្រហមកម្ពុជា សរុប៣៩នាក់ ស្រ្តី១៥។
នៅក្នុងឱកាសនៃការចាប់ផ្ដើមកម្មវិធិលោកសៅ សារ៉ាត់ អនុប្រធានគណ:កម្មាធិការសាខា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមនយ៉ាងកក់ក្តៅ ដល់ក្រុមការងារប៉ាន់ប្រមាណសមត្ថភាពសាខា-BOCA ជុំទី២ ក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុវត្តការងារឱមានប្រសិទ្ធភាព តាមលក្ខណៈវិនិច្ឆ័យជាសាខាមានដំណើរការល្អ និងស្រមតាមទិសវិមជ្ឈការនិងវិសហមជ្ឈការ។ លោក អនុប្រធានគណៈកម្មាធិកាសាខា ក៏បានថ្លែងអំណរគុណចំពោះវត្តមាន លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ដែលបានអញ្ជើញចូលរួមជាអធិបតី និងក្រុមការងារបច្ចេកទេសបាសម្របសម្រួល កិច្ចប្រជុំប៉ាន់ប្រមាណសមត្ថភាពសាខានាពេលនេះ។
នៅក្នុងមតិសំណេះសំណាលបើក វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។
លោកវេជ្ជបណ្ឌិត បានលើកពីការប៉ាន់ប្រមាណសមត្ថភាពសាខា ហៅកាត់ជាភាសាអង់គ្លេសថា BOCA ដែលមានន័យថា “Branch Organizational Capacity Assessment” ដែលសមាគមជាតិនៅក្នុងសកលលោក បាននិងកំពុងអនុវត្ត ដែលក្នុងនោះ កាកបាទក្រហមកម្ពុជា បានទទួលយកវិធីសាស្រ្តបូកា BOCA មកអនុវត្តតាំងពីឆ្នាំ២០១៥ ។
លោកក៏បានគូសបញ្ជាក់ផងដែរថា ការប៉ាន់ប្រមាណសមត្ថភាពសាខា មានវត្ថុបំណងចំនួន៣គឺ៖
១- ស្វែងយល់អំពីសមត្ថភាព និងរបៀបបំពេញការងារនាពេលបច្ចុប្បន្នរបស់សាខា ២- ឈានទៅសម្រេចនូវការឯកភាពគ្នាជារួមលើអាទិភាពនានា សម្រាប់ជួយលើកកម្ពស់សាខាបន្ថែមទៀត និង ៣-កសាងផែនការប្រតិបត្តិដើម្បីការពង្រឹង និងធានានិរន្តរភាព សមត្ថភាពផ្តល់សេវារបស់សាខា និងភាពធន់មាំរបស់សហគមន៍។
នៅចុងបញ្ចប់ លោកវេជ្ជបណ្ឌិត បានលើកទឹកចិត្ត អង្គពិធីទាំងមូល ចូលរួមយ៉ាងផុលផុស ក្នុងការកំណត់សូចនាករជាអាទិភាព សម្រាប់បំពេញបន្ថែមលើផែនការប្រចាំឆ្នាំ និងផែនការអភិវឌ្ឍន៍សាខា ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពសាខា និងមានភាពម្ចាស់ការក្នុងការផ្ដល់សេវាមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ស្របបានទៅតាមពាក្យស្លោក ” សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល ៕
ដោយ៖ ស សារ៉េត