ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី គន់ គីម ​៖​ ប្រសិនបើសមាជិក សមាជិកាស្លាប់សូមឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ប្រញាប់រៀបចំឯកសារដាក់ជូនពួកគាត់​ ដើម្បីនាំយកថវិកាឧបត្ថម្ភរបស់សមាគម ៤លានរៀល និងសាររំលែកទុក្ខទៅជូនគាត់បានភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ចាម៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាលខេត្តកកំពង់ចាម​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់លោក ហេង វុទ្ធី ជាប្រធាន និងលោក គឹមសួរ ភីរុណ ជាអនុប្រធាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម។

ក្នុងឱកាសសំណេះសំណាលជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម លោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវសេចក្តីនឹករលឹកជាខ្លាំងពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនទៅបងប្អូន សមាជិកសមាជិកា នៃអតីតយុទ្ធជនរបស់យើង នៅតាមភូមិឃុំស្រុកក្នុងខេត្តកំពង់ចាម។

លោកទេសរដ្ឋមន្ត្រី បានថ្លែងទៀតថា ប្រសិនបើក្នុងករណីសមាជិក សមាជិកា មានការស្លាប់សូមឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ប្រញាប់រៀបចំឯកសារដាក់ជូនទៅមន្ទីរសង្គមកិច្ចការងារ និងអតីតយុទ្ធជនខេត្ត ដើម្បីនាំយកថវិកាឧបត្ថម្ភរបស់សមាគម ៤លានរៀល និងសាររំលែកទុក្ខទៅជូនគាត់បានភ្លាមៗ រីឯឯកសារនីតិវិធីត្រូវធ្វើតាមក្រោយ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក ឃុំ និងប៉ុស្តិ៍រដ្ឋបាល សុំធ្វើការយកចិត្តទុកដាក់ ក្នុងការជួយមើលថែ ចំពោះសមាជិកសមាជិកាអតីតយុទ្ធជនរបស់យើង តាមរយៈការពិនិត្យមើល និងផ្ដល់ប័ណ្ណក្រីក្រជូនពួកគាត់ ដោយហេតុថា អតីតយុទ្ធជនរបស់យើង គឺពួកគាត់ភាគច្រើនជាជនក្រីក្រ ដូច្នេះប្រសិនបើពួកគាត់បានទទួលបានក្រីក្រ នោះពួកគាត់នឹងបានប្រាក់ឧបត្ថម្ភ គួបផ្សំជាមួយនឹងប្រាក់បៀវត្ស ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់ ដោះស្រាយការលំបាកបានមួយកំរិតផងដែរ។

លោកសូមក្រុមការងារសមាគម ឆ្លៀតឱកាសចុះទៅសួរសុខទុក្ខដល់សមាជិក សមាជិកា របស់យើងនៅតាមម្លូលដ្ឋានផង ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ដែលមានវ័យចំណាស់ ៗ ហើយនោះបានសប្បាយចិត្ត ដែលទទួលបានការយកចិត្តទុកដាក់អំពីយើង។ ដូច្នេះសូមអាជ្ញាធរជួយដាស់តឿន ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ជួយមើលថែ ដល់សមាជិកសមាជិកាអតីតយុទ្ធជនរបស់យើង៕

ដោយ៖ស​ តារា


ចែករំលែក៖