ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ត្រៀមបញ្ជូនខ្លួន​ក្រុមអ្នកលេងអាប៉ោងភ្នាល់ដាក់លុយ​ ទៅតុលាការ​ខេត្ត​កំពង់ចាម​

ចែករំលែក៖

ខេត្ត​កំពង់​ចាម​៖​ ​ក្រុមអ្នកលេងអាប៉ោងភ្នាល់ដាក់លុយ​ចំនួន​ ០៣នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចុះស្រាវជ្រាវ​ បង្រ្កាប​និងឃាត់ខ្លួន​យកមកសាកសួរ​​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​កំពង់ចាម​ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាម​ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។ 

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ បានឱ្យដឹងទៀតថា​ កាលពីល្ងាចថ្ងៃទី​២៣​ ខែ​កុម្ភះ​ ឆ្នាំ២០២៣​ វេលាម៉ោង១៦​ និង៤០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​បាធាយនិងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងសុីសងខុសច្បាប់ (លេងអាប៉ោងភ្នាល់ដាក់ប្រាក់)  ស្ថិតនៅភូមិ​ស្វាយព្រៃ ឃុំ​សណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។

 ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលកម្លាំងសមត្ថកិច្ច បាននាំខ្លួនមុខសញ្ញាបានចំនួន០៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។

​បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ខាងលើ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះ​នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖