ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឆេះអគារខុនដូ ECC-EASTVIEW យ៉ាងសន្ធោសន្ធៅ​ក្បែរអគារព្រីនស៍ផ្លាហ្សា​ បង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋជាខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ នាវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣​ មានករណីអគ្គិភ័យមួយបានឆាបឆេះអគារខុនដូ ECC-EASTVIEW មួយន្លែង​យ៉ាងសន្ធោសន្ធៅ​ ដែលស្ថិតនៅក្បែរមជ្ឈមណ្ឌល​ ព្រីនស៍ផ្លាហ្សា​ ជាប់មហាវិថីផ្លូវព្រះនរោត្តម ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួនធំ​ ។ 

    លោកវរសេនីយ៍ឯក ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះ​អគារខុនដូខាងលេី​ លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលដាលដល់អគារនៅក្បែរនោះឡើយ។

    លោកវរសេនីយ៍ឯក​ បានបន្តថា​ ដោយនៅក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន​   ១២គ្រឿង​ ប្រេីប្រាស់ទឹកអស់ទឹកចំនួន​ ០២ឡាន​ ស្មេីរនឹង​ ០៨ម៉ែត្រគូប​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​។ 

    លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្ថែមថា​ ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ​ បានឆេះបន្ទប់លេខC1508 ជាន់ទី១៥ បណ្តាលឲ្យខូចខាតសម្ភារៈបន្តិចបន្តួច ក្នុងនោះជាប្រភេទ​ អគារខុនដូកម្ពស់ ៣៨ជាន់ ដែលមានទំហំ​បន្ទប់ ១០៥ម៉ែត្រ​ការ៉េ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី​ ខណៈករណីអគ្គិភ័យនេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសផងដែរ​ ៕

IMG_1340 IMG_1341

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖