ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតនំប៉័ងមួយកន្លែងយ៉ាងសន្ធោសន្ធៅ និងខ្ទេចអស់ស្ទើរតែទាំងស្រុង ព្រមទាំងបណ្តាលឱ្យមានមនុស្សម្នាក់រងរបួសត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់ផងដែរ ។ គ្រោះអគ្គិភ័យនេះបានបង្កឡេីងកាលពីវេលាម៉ោង ១២និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវលំ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញអណ្តាតភ្លើងបានឆាបឆេះចេញពីក្នុងរោងចក្រផលិតនុំបុ័ងយ៉ាងសន្ធោសន្ធៅ និងបានឆេះរាលដាលទៅលើឃ្លាំងផ្ទុកខ្សែភ្លើងមួយផ្សេងទៀតឆាបឆេះអស់ស្ទើរទាំងស្រុង។ ឃេីញដូច្នេះ ប្រជាពលរដ្ឋក៏បានទាក់ទងទៅអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញឱ្យជួយចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។
បន្ទាប់ពីទទួលបានដំណឹងនៃករណីអគ្គិភ័យបានកេីតឡេីង កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអន្តរាគមន៍តាមអង្គភាពផ្សេងៗ បានចញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកធ្វេីការបាញ់ទឹកពន្លត់ដោយសហការគ្នាយ៉ាងញាប់ដៃជេីងដេីម្បីបាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ។
គេសង្កេតឃេីញថា គ្រោះអគ្គិភ័យខាងលេីនេះ កម្លាំងជំនាញជាច្រេីនបានធ្វេីការបាញ់ទឹកពន្លត់តាំងពីពេលកេីតហេតុរហូតមកដល់ម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ខែឆ្នាំដដែលនៅតែមិនទាន់រលត់ទាំងស្រុង ក៏ប៉ុន្តែកម្លាំងជំនាញបានបន្តបាញ់ទឹកទប់ស្កាត់មិនឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡេីយ តែបានធ្វេីឱ្យមនុស្សម្នាក់រងរបួសត្រូវបញ្ចូនទៅសង្គ្រោះភ្លាមៗផងដែរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕
ដោយ ៖ ភារ៉ា ដង្កោ