ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ សូមអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគជាថវិកា គ្រឿងឧបភោគបរិភោគនិងសម្ភារផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីឱ្យពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននិងជនរួមជាតិទាំងអស់សូមចូលរួមបរិច្ចាគជាថវិកាគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ដើម្បីអោយពួកគាត់អាចរស់នៅបានដោយភាពកក់ក្តៅជាមួយយើងទាំងអស់គ្នា ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលលោកនិងលោកស្រីជាភរិយា អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ “អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ” ស្ថិតនៅអគារលេខ២៩៨D ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ជនពិការធ្លាប់បានចូលរួមចំណែកជាថវិកាជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជា ពលរដ្ឋ ។ បន្ថែមពីនេះទៀត សូម្បីតែអ្នកសុំទានក៏ធ្លាប់បានបរិច្ចាគជាថវិកាជួយរាជរដ្ឋាភិបាលផងដែរ ខណៈដែលកម្ពុជាបានប្រឈមមុខដាក់គ្នាជាមួយប្រទេសថៃនៅប្រាសាទព្រះវិហារកន្លងមក។ការចូលរួមចំណែកគ្រប់មជ្ឈដ្ឋាននេះ ពិតជាបានបង្ហាញអោយឃើញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការជឿជាក់មកលើសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

លោកឃួង ស្រេង  បានបន្តទៀតថា៖ ការអញ្ជើញប្រជាពលរដ្ឋអោយមកចូលរួមក្នុងពិធីខាងលើនេះ គឺក្នុងគោលបំណងអោយបងប្អូនប្រជាពលរដ្ឋបានដឹងថា នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅយើងនេះ មានមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ ។ដូច្នេះបងប្អូន អាចជួយចែករំលែកការលំបាកជាមួយពួកគាត់បានតាមរយៈផ្តល់ជាអង្ករ១គីឡូក្រាម ២គីឡូក្រាមឬក៏ថវិកាក្តី។ 

លោកឃួង ស្រេង  បានបន្តថា នៅពេលមានបុណ្យជាតិធំៗ សូមប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននិងជនរួមជាតិទាំងអស់នឹកឃើញនិងចែករំលែកដល់សមាគមតន្រ្តីសំនៀងជនពិការផង។ នេះជាការចែករំលែកជាប្រពៃណីល្អរបស់ដូន តារបស់យើងដែលបានធ្វើជាប់ជាប្រចាំមក។

គួរបញ្ជាក់ថា៖ សមាគមតន្ត្រីសំនៀងជនពិការបង្កើតឡើងក្នុងឆ្នាំ២០១៣ ដឹកនាំដោយលោក ចាប តូ ជាជនពិការភ្នែក ។ បច្ចុប្បន្ន មានសមាជិក ក្នុងសមាគមទាំងអស់ចំនួន ៦៥៤នាក់ មានស្ត្រី ២៨៤នាក់ ដោយមានការជួយជ្រោម ជ្រែងដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីព្រមទាំងសប្បុរសជនមួយចំនួនធំទៀត ។ អគារមជ្ឈមណ្ឌលនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ និងបញ្ជប់នៅថ្ងៃទី២០ កុម្ភៈ ២០២០ មានកម្ពស់២ជាន់រៀងជាអក្ស L មានបន្ទប់សរុបចំនួន ២០បន្ទប់។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់សមាគមតន្ត្រីសំនៀងជនពិការនេះផងដែរ ដែលមានទឹកប្រាក់ប្រមាណជិត២០លានរៀល ជាមួយនិងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ព្រមទាំងផ្តល់អាហារ១ពេលដ៏ឆ្ងាញ់ពិសាជូនពួកគាត់ផងដែរ៕

ដោយ៖ សំរិត


ចែករំលែក៖