ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះឈើដំបូលប្រក់ស័ង្កសី១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បងប្អូនប្រជាពលរដ្ឋជាពិសេសប្រជាកសិកររស់នៅតំបន់ចុងកាត់មាត់ញក សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈរដូវនេះជារដូវប្រាំងមានការហួតហែងខ្លាំង ហើយមានភ្លើងឆេះព្រៃស្ទើរគ្រប់ទីកន្លែង ជាក់ស្ដែងផ្ទះ១ខ្នងដូចក្នុងរូបភាពនេះ ត្រូវបានភ្លើងឆេះព្រៃរាលដាលឆាបឆេះអស់ទាំងស្រុង ប៉ុន្តែពុំមានអ្នករងរបួសនោះទេ ។

អាជ្ញាធរមូលដ្ឋាននៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងនាព្រឹកថ្ងៃអាទិត្យ ៧កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា រូបភាពភ្លើងឆេះផ្ទះនេះ នៅចំណុចទំនប់អាងបង្ហៀរទឹកទី៣ ស្ថិតនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរបន្តទៀតថា ផ្ទះត្រូវបានភ្លើងឆាបឆេះទាំងស្រុងនេះ មានទំហ៊ំទទឹង៤ម៉ែត្រ គុណនឹងបណ្ដោយប្រវែង៦ម៉ែត្រ រនាបក្រាលក្ដា ជញ្ជាំងប្រាំងក្ដា ដំបូលប្រក់ស័ង្កសី ម្ចាស់ឈ្មោះ ឆន ភឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ ។

ប្រភពបញ្ជាក់ទៀតថា មូលហេតុៈ ដោយសារភ្លើងឆេះព្រៃក្បែរនោះទើបបណ្ដាលឲ្យរាលឆ្លងមកឆេះបែបនេះ ខណៈម្ចាស់មិននៅ(ចាក់សោរទុកចោល)ប៉ុន្តែទោះជាយ៉ាងណាពុំបណ្ដាលឲ្យមានរងរបួសដល់មនុស្សឬសត្វនោះទេ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖