ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុហប៉ោយប៉ែតបញ្ជូនជនសង្ស័យគ្រឿងញៀនទៅស្នងការខេត្តដើម្បីចាត់ការបន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនបុរសជនសង្ស័យម្នាក់រួមជាមួយវត្ថ​តាងគ្រឿងញៀន នៅរសៀលថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

 ប្រភពសមត្ថកិច្ចប្រាប់ថា ដោយ អនុវត្តន៍តាមបទបញ្ជា យ៉ាងមុឹងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការ​ណែនាំ ដោយផ្ទាល់ ពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនៅ វេលាម៉ោង ១១និង៤៨នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹក​នាំដោយ លោក វរសេនីយ៍ទោ កែវ ដូល អធិការទទួលផែនគ្រឿងញៀនក្រុងប៉ោយប៉ែត សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានល្បាតនៅក្នុងភូមិសាស្រ្តដែលស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងដែរស្ថិត នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះ កម្លាំងបានប្រទះឃើញមុខ សញ្ញាជនសង្ស័យចំនួន០១នាក់ មានឈ្មោះ ងួន សុផាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ។ 

ខណៈនោះកម្លាំងជំនាញបានសុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថុតាង ៖

១.ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន០៣ថង់ធំល្មមនិង០២កូនថង់តូច។ 

២.ម្សៅសម៉ត់ថ្លា សង្ស័យជាសារធាតុញៀនចំនួន០២ថង់ល្មម និង០៥កូនថង់តូច។ 

៣.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៦៩គ្រាប់(បៃតង០១គ្រាប់)។ 

៤.កាបូបពណ៌ក្រហមមួយ។ 

សូមបញ្ជាក់ថា លុះដល់ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរជ្រៅនិងបានសហករជាមួយលោកមេភូមិបាលិលេយ្យ២ បានបន្តឆែកឆេរបន្ទប់ជួល(C១០)មួយកន្លែងរបស់ជនសង្ស័យឈ្មោះ ងួន សុផាន ដែលស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ត្រួតពិនិត្យរកឃើញវត្ថុតាងមាន ៖

៥.ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន១៣ថង់ធំ។ 

៦.ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន០២កូនថង់។ 

៧.ដបកែឆ្នៃសំរាប់ប្រើប្រាស់គ្រឿនញៀនចំនួន០២។ 

៨.ធុងបាសមួយ។ 

បន្ទាប់មកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក៏បាននាំជនសង្ស័យមកអធិការដ្ឋានដើម្បីធ្វើការសាកសួរតាមនីតិវិធីនិងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។ 

 កម្លាំងជំនាញនៃនគរបាលក្រុងប៉ោយប៉ែត បានស្នើសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖