ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកងរាជអាវុធហត្ថស្រុកសំបូរចំនួន៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ នាង គង់ហ៊ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានបន្តប្រគល់វត្ថុតាងគ្រឿងចក្រចំនួន២គ្រឿងបន្ថែមទៀតឱ្យស្នាក់ការដែនជម្រកសត្វព្រៃ-ព្រៃឡង់។
គ្រឿងចក្រទាំងពីរគ្រឿងនោះកម្លាំកងរាជអាវុធហត្ថបានប្រគល់ឱ្យដែនជម្រកសត្វព្រៃ-ព្រៃឡង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានប្រភេទអេស្កាវ៉ាទ័រ ពណ៌បៃតងខ្ចី ម៉ាកកូបែលកូ ( KOBELCO ) ចង្កូតឆ្វេងកង់ច្រវាក់ដែក និងមួយគ្រឿងទៀតអាប៊ុល ពណ៌លឿង ម៉ាក កូម៉ាត់ស៊ុយ ( KOMATSU ) កង់ច្រវាក់ដែក ដែលជាប់ពាក់ព័ន្ធករណីឈូសឆាយ រុករានដីព្រៃ ដោយគ្មានលិខិតអនុញ្ញាតតាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣មកម្លេះនៅចំណុចអូរគក់ចំណុចUTM ៥៨០៩៥៤-១៤១៣១៨៥ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
ក្នុងនោះកម្លាំងសមត្ថកិច្ចបានប្រគល់ឱ្យទៅឈ្មោះ សាំង សុខន ប្រធានស្នាក់ការដែនជម្រកសត្វព្រៃ-ព្រៃឡង់ ដើម្បីចំណាត់ការបន្តតាមនីតិវិធីផងដែរ៕
ដោយ ៖ ជីវ័ន្ត