ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសាលាក្រៅឃាត់ខ្លួនជនដៃដល់ម្នាក់វាយអ្នករត់តាកស៉ីបង្ករបួសស្នាមដោយសារដណ្ដើមម៉ូយគ្នា

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង២១និង៤៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនា ដោយសារអ្នករត់តាក់ស៉ីដណ្ដើមវេនម៉ូយគ្នា បានឈ្លោះប្រកែកគ្នាខឹងវាយទៅលើបុរសម្នាក់រងរបួស,ស្ថិតនៅចំណុចមុខកាសុីណូម្កុដពេជ្រ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 

សមត្តកិច្ចនគរបាលស្រុកសាលាក្រៅបាន ឲ្យដឹងថា÷ ជនរងគ្រោះដែលជនសង្ស័យវាយនោះឈ្មោះ ស្វាយ សាលឿត (ហៅ តុល) ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(រងរបួសពកក្បាល ពកថាស នឹងហូរឈាមតាមត្រចៀក និងច្រមុះ) ។

ចំណែកជនសង្ស័យឈ្មោះ លី រតនៈ (ហៅ ណុល)ភេទ ប្រុស អាយុ ៣៧ឆ្នាំ  រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្តកិច្ចនគរបាលស្រុកសាលាក្រៅបានបន្តថា÷ករណីនេះកើតឡើងដោយសារឪពុករបស់ជនរងគ្រោះបានឈ្លោះប្រកែកគ្នាក្នុងករណីដណ្ដើមវេនដឹកម៉ូយគ្នា ហើយឪពុកជនសង្ស័យបានតេទៅប្រាប់កូនដែលជាជនសង្ស័យ ថាក្មួយបានវាយគាត់ចំទ្រូង ទើបកូនគាត់ដែលជាជនសង្ស័យបានមកកន្លែងកើតហេតុតែពុំជួបក្មួយដែលមានរឿង ឃើញតែជនរងគ្រោះនៅនិយាយឈ្លោះប្រកែកគ្នាជាមួយឪពុករបស់ជន សង្ស័យក៏បានខឹងរួចក៏វាយទៅលើជនរងគ្រោះជាច្រើនដៃបណ្ដាលឲ្យពកថ្ងាស ពកក្បាល និងឈាមច្រមុះ 

សមត្តកិច្ចនៃអធិកាដ្ឋាននគរបាលស្រុកសាលាក្រៅបានបន្តទៀតថា÷ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល។

ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖