ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឱ្យមានការកែតម្រូវការចាប់ផ្ដើមនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ដែលសម្ដេចថាការផ្សព្វផ្សាយមួយចំនួនដែលថានយោបាយឈ្នះឈ្នះដាក់អនុវត្តន៍ក្នុងឆ្នាំ១៩៩៨ គឺខុសពីការពិត ដែលនាំឱ្យមានការភ័ន្តច្រឡំ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាដំណើរការនយោបាយឈ្នះឈ្នះមិនមែនដាក់អនុវត្តន៍ក្នុងឆ្នាំ១៩៩៨ នោះទេ ដោយថានយោបាយនេះត្រូវបានដាក់ចេញនៅឆ្នាំ១៩៩៦។
សម្ដេចតេជោថា៖ «ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់នយោបាយឈ្នះឈ្នះ»។
គួរបញ្ជាក់ដែរថា អស់រយៈពេល២៣ឆ្នាំកន្លងមកហើយ ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផងចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ-ឈ្នះ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បែបនេះ ខណៈ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថារហូតមកដល់ពេលនេះគ្មានអ្នកណាដែលអាចប្រកួតប្រជែង ឬផ្ដួលសម្ដេចបាននៅឡើយទេ ហើយអាចថាអ្នកដែលមានសមត្ថភាពបង្ក្រាបសម្ដេចមិនទាន់ទាំងកើតផង។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅកាន់មនុស្សដែលមានអំណួតម្នាក់ថាបើជននោះចង់លេងសម្ដេចអាចលេងកំដរបាន។
ការលើកឡើងរបស់សម្ដេចតេជោនៅពេលនេះមិនបានបញ្ចេញឈ្មោះនរណាម្នាក់ទេតែសម្ដេចហាក់បីដូចជាសំដៅរបស់អ្នកធ្វើអត្ថាធិប្បាយនៅតាមបណ្ដាញសង្គមម្នាក់ឈ្មោះ ស៊ន ដារ៉ា ដែលបានតាំងខ្លួនជាអ្នកមានបុណ្យដែលព្រះបង្កើតមកឱ្យបង្ក្រាបសម្ដេចតេជោ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចដោយបានចោទសួរ ស៊ន ដារ៉ា ថាចេះខ្មាស់ខ្លួនឯងទេដែលបានតាំងខ្លួនទៅជាមនុស្សមានបុណ្យ ឬក៏ជាឥន្ទ្រីនោះ?
សម្ដេចតេជោលើកឡើងដោយហួសចិត្តចំពោះ ស៊ន ដារ៉ា ដែលចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន ខណៈមនុស្សនេះសូម្បីតែចង់ក្លាយជាសមាជិកគណបក្សប្រជាជនក៍មិនបានផង។
សម្ដេចតេជោបានលើកឡើងថា៖ «ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាប ហ៊ុន សែន គឺរឿងយល់សប្តិទាំងថ្ងៃ»។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នយោបាយឈ្នះឈ្នះ និងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហម មិនមែនចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ាវីសទេ។ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារដល់គ្រូអួតខាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយល់ឱ្យច្បាស់ កុំចេះតែប៉ប៉ាចប៉ប៉ោចតាមប្រព័ន្ធផ្សព្វផ្សាយ ដោយមិនដឹងរឿងពិតជាក់ស្តែង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរ និងកោតសរសើរជាថ្មីដល់ចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ដែលទើបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន ជូនពរជូនពរចៅៗ ទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត៕
ដោយ ៖ សិលា