ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃចន្ទទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ​ បានមានប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា។

ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកអតីកាល នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដែលពេលនោះ គឺមានការលំបាកខ្លាំងណាស់។ សម្តេចតេជោ បានដឹកនាំការធ្វើកំណែទម្រង់ចាប់ពីឆ្នាំ១៩៨៥មក រហូតដល់មានលទ្ធផលល្អប្រសើរមកទល់ពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ថ្លែង​ថា ជំនាញបច្ចេកទេស គឺជាជំនាញត្រូវនឹងតម្រូវការចាំបាច់ នៃសង្គមបច្ចុប្បន្ន ដែលយើងត្រូវបង្កើន និងពង្រឹងឱ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនោះ សម្តេចក៏សូមឱ្យមានការចាប់អារម្មណ៍លើជំនាញវិជ្ជាជីវៈដូនតាដូចជា៖ ចម្លាក់ តម្បាញ…ជាដើម ដែលរដ្ឋកំពុងតែគាំពារ និងលើកទឹកចិត្ត។

សម្ដេចតេជោ ថ្លែង​ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះមានតម្រូវការកាន់តែធំ ដូច្នេះទើបសម្ដេចតេជោបានដាក់ចេញផែនការគោនយោបាយឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធធ្វើការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈនេះដល់សិស្សនិស្សិតកម្ពុជាប្រមាណ ១,៥ លាននាក់នៅឆ្នាំក្រោយ។

សម្ដេចតេជោ​ ថ្លែង​ថា នៅថ្ងៃនេះបានចែកសញ្ញាបត្រដល់និស្សិតជយលាភីជាង ៥ ពាន់នាក់ ខណៈ ពេលឥឡូវនេះតម្រូវការជំនាញបច្ចេកទេស មានតម្រូវការកាន់តែធំឡើងៗ ពិសេសទាក់ទងនឹងក្រុមហ៊ុន វិនិយោគបរទេសដែលកំពុងមានតម្រូវការជំនាញបច្ចេកទេសនេះខ្លាំង។ 

សម្តេចតេជោ ថ្លែង​ថា អតីតកាលខេត្តក្រចេះ គឺជាខេត្តមួយដែលមានកំណែទម្រង់លំបាក ក្នុងនោះរួមាន៖ កំណែទម្រង់បញ្ហាដីធ្លីផងដែរ។ ខេត្តក្រចេះ គឺជាខេត្តផលិតទូកកាណូត តែពេលនោះគឺផលិតពីឈើ មិនមែនពីដែកដូចពេលបច្ចុប្បន្ននេះឡើយ ក៏ប៉ុន្តែអ្វីៗបានកែទម្រង់កាន់តែល្អប្រសើរឡើង។

សម្តេចតេជោ ថ្លែង​ថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦៨ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីកម្ពុជាបានរង់ចាំព្រឹត្តិការណ៍នេះជាង៦០ឆ្នាំមកហើយ។

សម្តេចតេជោ ថ្លែង​ថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ..!។ សម្តេចបញ្ជាក់ថា ពេលនោះ ប្រជាពលរដ្ឋកម្ពុជា មានប្រាក់ចំណូលច្រើនជាងប្រជាជនប្រទេសកូរ៉េខាងត្បូងទៅទៀត តែពេលនេះកូរ៉េខាងត្បូងបានទៅមុខយ៉ាងឆ្ងាយ ដោយសារកំហុស នៃការធ្វើរដ្ឋប្រហារទម្លាក់អង្គសម្តេចឪ។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា គ្មានបរទេសណា ទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ។ សម្តេចបញ្ជាក់ថា លំហ នៃសុខសន្តិភាព គឺជាកត្តាហុតផលដល់ប្រជាជនយ៉ាងពិតប្រាកដ។

សម្តេច​នាយករដ្ឋមន្ត្រីកម្ពុជា​ ប្រកាសដល់បរទេស និងផ្នែកពាក់ព័ន្ធនានា សូមកុំមើលកម្ពុជាតែមួយជ្រុងណាមួយនោះឡើយ។ កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង ធ្វើឱ្យល្អប្រសើរឡើង នៃទំនាក់ទំនង កម្រិតការទូត និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីវឌ្ឍនភាពកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម័យបក់ផ្លិតវាបានទៅឆ្ងាយពីយើងគ្រប់គ្នាចង់អស់ហើយ ខណៈសព្វថ្ងៃគឺមានភ្លើងអគ្គិសនីស្ទើតែគ្រប់ទីកន្លែង ពោលគឺជាង៩០ភាគរយនៃភូមិនៅទូទាំងប្រទេសតែម្តង។

សម្តេចតេជោ​ ថ្លែង​ថា កម្ពុជា គឺជាប្រទេសនាំចេញគ្រាប់ស្វាចន្ទីមិនទាន់កែច្នៃច្រើនរហូតដល់ ១លានតោន ក្នុងមួយឆ្នាំ ខណៈដែលគ្រាប់ស្វាយចន្ទីកែច្នៃរួចមានកម្រិតតិចតួចនៅឡើយ ដែលផលិតទាំងនោះ សម្រាប់តម្រូវការនៅក្នុងស្រុកតែប៉ុណ្ណោះ។

សម្ដេចតេជោ ថ្លែង​ថា នាពេលខាងមុខ កម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា សម្ដេចតេជោ តែងតែប្រាប់ទៅបរទេសឱ្យអ្នកវិនិយោគយកចិត្តទុកដាក់លើការវិយោគលើឧស្សាហកម្មកែឆ្នៃ ដែលធនធានកម្ពុជាមានស្រាប់ ផ្នែកនេះទៅមុខកម្ពុជា នឹងក្លាយទៅជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងលើការចែកចាយនេះ។

សម្តេចតេជោ ថ្លែង​ថា កម្ពុជាមិនទាន់មានសមត្ថភាពក្នុងការកែច្នៃផលិតកសិកម្មបានច្រើននៅឡើងទេ ដូចជា៖ ស្រូវ អង្ករជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការចូលរួមវិនិយោគពីដៃគូសហការនានា។

សម្តេចតេជោ ហ៊ុន សែន​ ថ្លែង​ថា ពីមុនកសិកម្មស្រូវនៅកម្ពុជា គ្រាន់តែធ្វើឡើងដើម្បីហូបគ្រប់គ្រាន់តែប៉ុណ្ណោះ។ មកទល់ពេលកម្ពុជាសល់ស្រូវ-អង្ករយ៉ាងច្រើន ដែលទាមឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ថា កម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក ពីព្រោះកម្ពុជាមានធនធានសម្រាប់កែច្នៃ ប៉ុន្ដែនៅខ្វះសម្ភារៈបច្ចេកទេសសម្រាប់ការ​កែច្នៃ​លើផលិតផលនានា ដែលមាននៅក្នុងស្រុកក្នុងនោះមានដូចជា ស្រូវអង្ក កៅស៊ូ ដំឡូងមី និងគ្រាប់ស្វាយចន្ទីជាដើម។

សម្តេចតេជោ ថ្លែង​ថា ក្រុមហ៊ុនជប៉ុនឈ្មោះ មីនីបៀ ពីដាក់ទុនវិនិយោគនៅកម្ពុជាតែខ្ទង់ ៣០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះទំហំវិនិយោគមានប្រមាណ១០០០លានដុល្លារអាមេរិកទៅហើយ ដែលទំហំផលិតម៉ូទ័ររបស់មីនីបៀនៅកម្ពុជាប្រហាក់ប្រហែលនឹងការផលិតនៅប្រទេសថៃ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមាន ក្រុមហ៊ុនក្រុមហ៊ុនហ្វត ហ៊ីយ៉ាន់ដាយ និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន តូយ៉ូតា នៅតំបន់សេដ្ឋកិច្ចភ្នំពេញបន្ថែមទៀត។

សម្ដេចតេជោ ថ្លែង​ថា កាលពីថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គឺមានបំណង់យកក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជា ដែលនេះគឺជាក្របខណ្ឌគោលនយោបាយក្នុងវិស័យឧស្សាហកម្មកម្ពុជា ដែលកំពុងត្រូវការអ្នកជំនាញបច្ចេកទេសជាច្រើននាពេលបច្ចុប្បន្ននេះ និងពេលអនាគត។

សម្ដេចតេជោ ថ្លែង​ថា គ្មានការអភិវឌ្ឍណាមួយអាចរស់នៅបានក្រៅដំបូលសន្ដិភាពនោះទេ ដូច្នេះប្រទេសកម្ពុជា ត្រូវរក្សាឱ្យបាននូវសន្ដិភាព និងស្ថេរភាពនយោបាយ ព្រោះគ្មានអ្នកវិនិយោគណាមួយចូលមកវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។

សម្តេចតេជោ ថ្លែង​បញ្ជាក់​ថា៖ «ហេតុអ្វី ហ៊ុន សែន បែរជាទៅតមាត់ជាមួយកូនក្មេងម្នាក់ទៅវិញ…!»។ ត្រង់ចំណុចនេះសម្តេចបញ្ជាក់ថា ដោយមានចាំបាច់ ទើបសម្តេចត្រូវធ្វើកិច្ចការនេះ ហើយនយោបាយគេធ្វើពេលនេះ គឺសម្រាប់៤-៥ឆ្នាំខាងមុខឯណោះ ទាល់កម្រិតសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិទើបយល់។

សម្ដេចតេជោ គូសបញ្ជាក់​ថា «សូមឱ្យបំបាត់ការភ័ន្តច្រឡំ នយោបាយ ឈ្នះ ឈ្នះ បានចប់នៅឆ្នាំ ១៩៩៨ គឺជាការបញ្ចប់នូវការអនុវត្ត ហើយបានចាប់ផ្ដើមអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ១៩៩៦ ឯនោះ ដែលក្នុងពេលអនុវត្តសម្ដេចតេជោ បានចុះដោយផ្ទាល់តាមមូលដ្ឋានក្នុងការធ្វើសមាហរណកម្ម»។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ពីអតីតកាលមក កម្ពុជាមានការបែកដាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។

សម្ដេចតេជោ​ ថ្លែង​ថា ជំនាន់នេះអ្នកបង្ក្រាបសម្ដេច គឺមិនទាន់កើតចេញពីពោះម្ដាយនៅឡើយទេ ហើយបើអ្នកមិនទាន់ចេះនយោបាយទេ សូមកុំចង់ធ្វើនយោបាយ។

សម្តេចតេជោ ថ្លែង​ថា កូនក្មេងម្នាក់កំពុងរស់នៅក្រៅប្រទេស កំពុងចូលស៊ង នៃអន្ទាក់របស់សម្តេច ហើយក្មេងរូបនោះ រង់ចាំមើលលទ្ធផលរបស់ខ្លួននាពេលអនាគត។ សម្តេចតេជោ ហ៊ុន សែន ថ្លែង​បញ្ជាក់ថា «កូនក្មេងនោះ ដំឡើងឬក និងមហិច្ឆតាស្មើនឹងមេរបស់ខ្លួន តាមរយៈការទាមទារចង់ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់ក្រុមរបស់គេ..[].»។

សម្តេចតេជោ ថ្លែង​ថា ខ្មែរក្រហមទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់កម្លាំងរបស់ខ្លួនបានទាំងអស់ដែរ។ អ៊ុនតាក់ចូលមកកម្ពុជា និងចាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញ ដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាច្រើន និងមានការផ្ទុះអាវុធគ្រប់ទីកន្លែង។

សម្តេចតេជោ ថ្លែង​អបអរសាទរ និងកោតសរសើរជាថ្មីដល់ចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ដែលទើបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន ជូនពរជូនពរចៅៗ ទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា នយោបាយឈ្នះឈ្នះ និងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតខ្មែរក្រហម មិនមែនចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ាវីសទេ។ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារដល់គ្រូអួតខាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយល់ឱ្យច្បាស់ កុំចេះតែប៉ប៉ាចប៉ប៉ោចតាមប្រព័ន្ធផ្សព្វផ្សាយ ដោយមិនដឹងរឿងពិតជាក់ស្តែង។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា មិនយូរទេ កម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួច ដែលចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បែរជាមានការព្រួបារម្ភទៅវិញទេ ដោយសារអត្រាការប្រាក់ដែលកម្ពុជាខ្ចី នឹងលែងជាហិរញ្ញប្បទានសម្បទានទៀតហើយ គឺការប្រាក់ខ្ពស់ជាងមុន។

សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាកសម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារអាមេរិក(ពីរទៅពីរមក) ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន៕

ដោយ​៖ស​ តារា​


ចែករំលែក៖