ក្រុមកំពូលតារាង La Liga Barcelona បានខ្ជះខ្ជាយឱកាសដ៏ធំមួយក្នុងការបន្តការនាំមុខរបស់ខ្លួននៅលើកំពូល ខណៈដែលពួកគេត្រូវបានក្រុមម្ចាស់ផ្ទះAlmeria យកឈ្នះក្នុងលទ្ធផល១ទល់០ យ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈនេះ។
ជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ២ Real Madrid ស្មើជាមួយក្រុម Atlectico Madrid កាលពីថ្ងៃសៅរ៍ Barcelona ដឹងថាការឈ្នះនៅថ្ងៃអាទិត្យនឹងធ្វើឱ្យពួកគេនាំមុខ១០ពិន្ទុ។ ប៉ុន្តែគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់កីឡាករ El Bilal Toure នៅតង់ទី១បានដោះស្រាយការប្រកួតនេះ ដើម្បីបង្កើនក្តីសង្ឃឹមរបស់ក្រុម Almeria ក្នុងការជៀសវាងការកាត់ចោលនៅរដូវកាលនេះ។
នេះជាការចាញ់ដ៏ធំលើកទី២របស់ Barcelona ក្នុងសប្តាហ៍នេះ បន្ទាប់ពីធ្លាក់ចេញពីការប្រជែងពានរង្វាន់ Europa League កាលពីថ្ងៃព្រហស្បតិ៍ ក្រោមថ្វីជើងក្រុមបិសាចក្រហម Manchester United។
មុនពេលបរាជ័យក្នុងលទ្ធផល ៣–២ ក្នុងទីក្រុង Manchester ពួកគេមិនស្គាល់ចាញ់សោះក្នុងការប្រកួតចំនួន១៨ដងក្នុងការប្រកួតទាំងអស់។ ការចាញ់ Almeria បញ្ចប់ការឈ្នះ៧ប្រកួតក្នុង La Liga សម្រាប់ក្រុមរបស់លោក Xavi ។
ក្រុមម្ចាស់ផ្ទះគួរតែឈ្នះច្រើនជាង ប៉ុន្តែការស៊ុតរបស់កីឡាករ Leo Baptistaoត្រូវបានរារាំងដោយអ្នកចាំទី Marc-Andre ter Stegen។ បន្ទាប់មកកីឡាករRodrigo Ely បានខកខានការស៊ុតបាល់ពីចម្ងាយ ដោយការបញ្ជូនបាល់ពីជ្រុងម្ខាង នៅពេលដែលគាត់នៅម្នាក់ឯងនៅក្នុងតំបន់គ្រោះថ្នាក់។
គ្រូបង្វឹក Barcelona លោក Xavi បាននិយាយថា “ខ្ញុំខឹងខ្លាំងណាស់ ពីព្រោះខ្ញុំគិតថា ពួកយើងបានបង្កើតការប្រកួតដ៏អាក្រក់បំផុតក្នុងរដូវកាលនេះ ភាគច្រើននៅក្នុងតង់ទីមួយ។ យើងមិនល្អទេ ហើយបានខ្ជះខ្ជាយឱកាសដ៏អស្ចារ្យមួយក្នុងការប្រកួតដែលយើងមិនអាចមានលទ្ធភាពបាត់បង់បន្ទាប់ពីអ្វីដែលបានកើតឡើងចំពោះ Real Madrid។ វាជាឱកាសមាសថ្ងៃនេះ ហើយវាបានបញ្ចប់ជាមួយនឹងថ្ងៃដ៏អាក្រក់សម្រាប់ពួកយើង។ គ្មានលេសទេ វាគឺជាការប្រកួតដ៏អាក្រក់បំផុតសម្រាប់ក្រុមរបស់យើងក្នុងរដូវកាលទាំងមូល”។
លទ្ធផលខាងលើនេះបានបន្តឲ្យក្រុម Barcelona នៅឈរកំពូលតារាង La Liga ដដែលមាន៥៩ពិន្ទុ ក្នុង២៣ប្រកួត នាំមុខក្រុមលេខ២ Real Madrid ដែលមាន៥២ពិន្ទុ ក្នុង២៣ប្រកួតដូចគ្នា។ ចំណែកក្រុមលេខ៣ Real Sociedad មាន៤៣ពិន្ទុ និងក្រុមលេខ៤ Atlectico Madrid មាន៤២ពិន្ទុ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)