ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតជោ ហ៊ុន សែន ៖​ សារលិខិតក្នុងទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ»

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅថ្ងៃចន្ទទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ បានផ្ញើសារលិខិតអបអរសាទរដល់ ទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាត លើកទី៣។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយជាអនេក ដោយបានចូលរួមអបអរសាទរជាមួយជនរួមជាតិទាំងអស់ នាឱកាសប្រារព្ធទិវាជាតិទីក្រុង ស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ» អមជាមួយការប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ យ៉ាងមហោឡារិក នាពេលនេះ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានចាត់ទុកថា ការប្រារព្ធទិវាជាតិនេះ ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរ ឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍ បៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃ សង្គមជាតិយើង។ 

បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ ឈានទៅការ ស្តារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះ ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនយូរអង្វែង សម្រេចបាន តាមបំណងប្រាថ្នារបស់ខ្លួន សំដៅធ្វើយ៉ាងណាបន្តកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ក្នុងន័យនេះ កម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការងារសំខាន់ៗជាអាទិ៍៖ ការបន្តកាត់បន្ថយភាពក្រីក្រ, ការលើកកម្ពស់ជីវភាព សុខភាព និង សុខុមាលភាពប្រជាជនការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង, ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ, កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម។

ដើម្បីឆ្លើយតបនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ ២ ដែលត្រូវ គិតគូរស្របពេលគ្នាគឺ ការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាន នេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលជា យុទ្ធសាស្ត្រមួយដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរក ភាពស្អាត បៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។

ឆ្នាំនេះ ជាឆ្នាំទី១១ ដែលយើងប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ” អមជាមួយការប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣។ ប្រធានបទនេះ បាន ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញ គួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់នូវ បដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាព កក់ក្តៅ។ ក្នុងន័យនេះ ការរៀបចំអភិវឌ្ឍន៍ទីក្រុងគឺមិនត្រឹមតែគិតគូរពីភាពស្អាត បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ ការលើកកម្ពស់សុខុមាលភាពសង្គម ការថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី តែប៉ុណ្ណោះទេ ក៏ត្រូវ រៀបចំផ្ដល់នូវបដិសណ្ឋារកិច្ចល្អ ការស្វាគមន៍រួសរាយរាក់ទាក់ប្រកបដោយភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ តាមរយៈការបង្ហាញនូវចរិតលក្ខណៈនៃជនជាតិខ្មែរ និងភាពជាម្ចាស់ផ្ទះដ៏ល្អ។ ស្របពេលជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” ត្រូវបន្តត្រៀមខ្លួនឱ្យបានរួចរាល់ ដោយផ្ដោតសំខាន់លើការជំរុញ សកម្មភាពកីឡា ការលើកកម្ពស់ភាពស្អាត និងបៃតង ការផ្តល់សេវា និងបដិសណ្ឋារកិច្ចល្អ តាមរយៈការអប់រំ ផ្សព្វផ្សាយ ការប្រឡងប្រណាំង និងការដាក់ចេញយុទ្ធនាការនានា។

ឈរលើស្មារតីនេះ ឆ្លើយតបនឹងប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាព កក់ក្ដៅ” ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្នើក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋត្រូវ បន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាពចំនួន ៥ ដូចខាងក្រោម៖

ទី១- ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈ ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ស្របតាម ការអនុវត្តគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្ដល់ភាពកក់ក្ដៅដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទី២- បន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។

ទី៣- ត្រូវជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា២០២៣- (Visit Cambodia Year 2023) ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់កម្ពុជាទៅកាន់ទីផ្សារ ទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ឈានឆ្ពោះទៅការ ស្ដារកំណើនទេសចរណ៍ពីវិបត្តិជំងឺកូវីដ-១៩ ពិសេសជំរុញការចូលរួមយុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” ដើម្បីអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយ ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ភាពជាខ្មែរ ទំនៀមទម្លាប់នៃការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការ រៀបចំតុបតែងភូមិឋាន ជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបាន ផុលផុសនៅក្នុងឆ្នាំ២០២៣ នេះ។

ទី៤- ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហការជាតិ និងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន។ ទី៥- បំផុសឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់នៅក្នុង

ការអភិវឌ្ឍ និងថែរក្សាទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន/រោងចក្រ និង បងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាពស្អាត និងបៃតង និងភាព ទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមនឹងកិត្តិនាម “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ”។

ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការចូលរួម គាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចលនា ប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនពរឱ្យទិវាជាតិទីក្រុងស្អាត និងចលនាប្រឡងប្រណាំងទីក្រុងស្អាត ប្រព្រឹត្តិទៅប្រកបដោយជោគជ័យជានិច្ចនិរន្តរ៍។

ជាទីបញ្ចប់ នាឱកាសអបអរសាទរ “ទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ នេះ ទូលព្រះបង្គំ ខ្ញុំ ព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរដល់សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ស​ តារា


ចែករំលែក៖