ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកស្រះខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧និង០០ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
នេះបើយោងតាមអង្គភាពយើងទើបតែទទួលបានពីសមត្ថកិច្ចខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣នេះ។
បើតាមការបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះបានឱ្យដឹងថា កូនស្រីរបស់ខ្លួនឈ្មោះ អ៊ួន សុខខុម អាយុ៣២ឆ្នាំ ជាមនុស្សមានជំងឺឆ្កួតជ្រូកតាំងពីកុមារភាពមកម្ល៉េះ ហើយនៅថ្ងៃកើតហេតុទំនងជាជំងឺរើឡើងក៏បណ្តាលឱ្យប្រកាច់ចូលទឹកស្រះខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មកខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងបានសន្និដ្ឋានថាសាកសពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ចន្ទ លីហ្សា