ខេត្តកណ្ដាល៖ យុវជនម្នាក់ផឹកស្រាស្រវឹងជោកជាំ បែកគំនិតយកកាំបិតប៉័ងតោដេញកាប់នាយរងប៉ុស្តិ៍និងអនុភូមិរួមជាមួយប្រជាការពារម្នាក់ទៀត ផ្អើ័លពេញប៉ុស្តិ៍ស្វាយរលំ ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទី នៅចំណុចក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១-ឈ្មោះ សួន ឡេង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរនាយរងប៉ុស្តិ៍ស្វាយរលំរងរបួសរយះហូរឈាមត្រង់ក្តោងច្រមុះ។ ទី២-ឈ្មោះ រិម យូសុស ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរប្រជាការពារ រងរបួសស្នាមត្រង់ដៃ ។ ទី៣-ឈ្មោះខាត់ សុខេន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរអនុប្រធានភូមិលេខ៣។ ចំណែកជនសង្ស័យឈ្មោះ ឈុំ ហេង ហៅឆាត ភេទប្រុស អាយ្២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់កើតហេតុ(ឃាត់ខ្លួន) ។ វត្ថុតាងដកហូត៖
១-កាបិតប៉័ងតោពណ៌ខ្មៅចំនួន០១(របស់ជនសង្ស័យ) ،២-ម៉ូតូ០១គ្រឿងម៉ាកCub ជ្រុងពណ៌ទឹកប៊ិក ពាក់ស្លាកលេខកណ្តាល១j-៧០៣៥ ។
ប្រភពដដែលបន្តថា មុនពេលពេលកើតហេតុ ជនសង្ស័យបានផឹកស្រាបៀរនិងស្រាថ្នាំជាមួយបងស្រីរបស់ខ្លួន២នាក់ទៀតបណ្តាលអោយស្រវឹងយ៉ាងខ្លាំង ពេលនោះបងស្រីរបស់ខ្លួនបាននិយាយប្រាប់ជនសង្ស័យថា ប៉ូលិសប៉ុស្តិ៍ស្វាយរលំរកវាយគាត់ ទើបជនសង្ស័យខឹងក៏បានយកកាំបិតប៉័ងតោកាន់ជាប់នឹងដៃជិះម៉ូតូមួយគ្រឿងចូលដល់ក្នុងប៉ុស្តិ៍ស្វាយរលំ ដើរសួររកប៉ូលិសដែលរកវាយបងស្រីរបស់ខ្លួន។ ពេលនោះជនសង្ស័យបានយកកាំបិតដេញកាប់ទៅលើជនរងគ្រោះជានាយរងប៉ុស្តិ៍ស្វាយរលំម្នាក់ឈ្មោះសួន ឡេង ។ ពេលឃើញដូចនេះជនរងគ្រោះទាំង៣នាក់បាននាំគ្នាទៅប្រតាយប្រតប់ដណ្តើមកាំបិតពីជនសង្ស័យបណ្តាលឱ្យជនរងគ្រោះទាំង៣នាក់មានរបួសស្នាមដូចរៀបរាប់ខាងលើតែម្តង។
ក្រោយកើតហេតុក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំធ្វើការឃាត់ខ្លួនបានជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ