ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងព្រឹក! ប្រុសស្រី២នាក់ធ្វើអត្តឃាតដោយចាក់សាំងដុតខ្លួនឯង ស្លាប់នៅផ្ទះសំណាក់៧៧៧៧ក្នុងស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងបណ្តាលឱ្យឆេះស្លាប់ជនប្រុសស្រី២នាក់នៅផ្ទះសំណាក់៧៧៧៧ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់និងសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣នៅត្រង់ចំណុចផ្ទះសំណាក់ការ៉េ៧ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

   យោងតាមលោកមាស ធួក អធិការនគរបាលស្រុករំដួលបានឱ្យដឹងថាអ្នកស្លាប់មានឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និងឈ្មោះ អាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។

   តាមការបំភ្លឺរបស់ឈ្មោះ ជំ សុីថា ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា នៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាចមានមនុស្សប្រុសស្រីពីរនាក់បានជិះម៉ូតូមួយគ្រឿងមកជួលបន្ទប់លេខ១៩របស់ខ្លួនដើម្បីសម្រាកមួយយប់រហូតដល់ម៉ោង៧និង៣០នាទីព្រឹកស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់ដែលអ្នកទាំងពីរជួលបង្កការភ្ញាក់ផ្អើលតែម្តង។

លោកអធិការបន្តថា សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧មានអគ្គិភ័យមួយកើតឡើង។ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញបច្ចេកទេសស្រុកបានសហការជាមួយជំនាញខេត្ត និងលោកវេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា  អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យហើយឃើញថា នៅបន្ទប់លេខ១៩មានមនុស្សស្លាប់ចំនួន២នាក់ ។

  ប្រភពបន្តថា ក្រោយពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងដោយសារមូលហេតុ មានវិបត្តិស្នេហា។

   ក្រោយពិនិត្យចប់រួចរាល់សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

ដោយ៖ សុថាន


ចែករំលែក៖