ខេត្តព្រៃវែង៖ កិច្ចប្រជុំផ្សព្វផ្សាយជំនួយស្មារតីតាក់តែងរៀបចំសមាសភាព គ.គ.ម ថ្នាក់ក្រោមជាតិខេត្តព្រៃវែង និងប្រកាសអនុក្រឹត្យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិនិងប្រជុំបូកសរុបការងារឆ្នាំ២០២២ទិសដៅ២០២៣ ក្រោមអធិបតីភាពលោក ច័ន្ទ លំផាត់ អនុប្រធាន គណៈម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាង លោក កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រៃវែង។
តាមរបាយការណ៏របស់ លោក ឌុច គន្ធា អភិបាលរងខេត្ត បានអោយដឹងថា ដើមខែតុលា ឆ្នាំ២០២២ ស្ថានភាពទឹកភ្លៀងមានចំនួនច្រើន បានធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណំា ស្រូវ និងដំណាំរួមផ្សំ ក្នុងស្រុកចំនួន១១ ស្មើនឹង ៤៩ឃុំ និង ២៤៥ភូមិ មានផ្ទៃដីប៉ះពាល់ចំនួន ៦.៩៧០ហិកតា ស្មើនឹង ៧.០៨៣គ្រួសារ ក្នុងនោះផ្ទៃដីខូចខាតខូចខាតសរុបចំនួន៥.៦៧០ហិកតា ស្មើនឹង ៦.២១៧គ្រួសារ ។ ករណីខ្យល់កន្ត្រាក់ ករណីអគ្គីភ័យ៖ បាក់ច្រាំងទន្លេ អាជ្ញាធរខេត្ត ក៏បានចុះពិនិត្យដល់ទីតាំងរងគ្រោះ និងបានធ្វើការអន្តរាគមន៍តាមស្ថានភាពជាក់ស្តែង ។ ដោយឡែកក្នុងពេលថ្មីៗនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ខេត្តព្រៃវែងក៏មានករណីឆ្លងជំងឺផ្តាសាយបក្សី(H5N1) ដែលបណ្តាលឲ្យស្លាប់កុមារី ០១នាក់ នៅភូមិរលំាង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ។ ជាមួយនេះ ដើម្បីពង្រឹងប្រសិទ្ធភាព គណៈម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការផ្សព្វផ្សាយអនុក្រឹត្យ និងអោយថ្នាក់ក្រោមជាតិជាសេនាធិការ អនុវត្តគោលការណ៍ សារាចរ សេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាល ក្នុងការចងក្រងមន្ត្រីក្នុងរចនាសម្ព័ន្ធ ពិសេសមន្ត្រី ថ្នាក់ខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ ដើម្បី ពង្រឹងសមត្ថភាពបន្ថែម លើការងារគ្រោះមហន្តរាយ។
លោក អនុប្រធាន បាននាំយកនូវការផ្ដាំសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ជូនចំពោះបងប្អូនមន្ត្រីរាជការទាំងអស់គ្នា និងបានធ្វើការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសកម្មសម្រេចបានជោគជ័យ ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ក្នុងឆ្នាំ២០២២ ដោយសហការយ៉ាងល្អជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឆ្លើយតបទាន់ពេលវេលា។
លោក ច័ន្ទ លំផាត់ ក្នុងនាមលោកកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៏សង្កត់ធ្ងន់ថា គណៈម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងទេសរដ្ឋមន្រ្តី គន់ គីម ជាអនុប្រធានទី១ រួមនឹងក្រសួងស្ថាប័ននានាជាសមាជិក រួមទាំងថ្នាក់ ខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ ជាសេនាធិការ និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីជាពិសេសផងដែរ។
លោកបានជំរុញដល់មន្ត្រីក្នុងរចនាសម្ព័ន្ធ ពិសេសមន្ត្រីបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ដែលបានផ្លាស់ប្តូរតួនាទី ដូចនេះមន្ត្រីបង្គោលថ្មីត្រូវការពង្រឹងសមត្ថភាពបន្ថែម ដូចជាការប្រើប្រាស់ប្រព័ន្ធផ្តល់ព័ត៌មានទាន់ហេតុការណ៍(Prism) និងការគ្រប់គ្រងទិន្នន័យនិងត្រូវយល់ដឹងពីការប្រកាសពត៍មានអោយដឹងជាមុន ប្រព័ន្ធផ្តល់ព័ត៌មាន(១២ ៩៤ (ដប់ពីកៅបួន)អោយយល់ដឹងទាំងអស់គ្នាឲ្យបានទូលំទូលាយ។
លោកបន្តថា ជាសេនាធិការត្រូវពង្រឹងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីដឹកនាំ និងគ្រប់គ្រងគ្រោះមហន្តរាយឲ្យមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានរំលឹកនិងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមកុំ ឆកល្វែងជាមួយបញ្ហាកូវីដ-១៩ ហើយត្រូវស្វះស្វែងរកចាក់វ៉ាក់សាំងបន្តទៀត ព្រោះកូវីដ-១៩ មិនដែល ភ្លេចយើងទេ៕
ដោយ៖ចន្ទ លីហ្សា