ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើន។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល មានប្រសាសន៍ថា, ខ្ញុំសូមជម្រាបជូនសាធារណជនថា៖ ស្ថានភាពជំងឺផ្តាសាយ បក្សី H5N1 នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ប្រទេសកម្ពុជា ពេលនេះកំពុងស្ថិតក្រោមការ គ្រប់គ្រងហើយ។ មានតែ ២ ករណីនៃ H5N1 ត្រូវបានរកឃើញមកទល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបញ្ជាក់ ដោយមន្ទីរពិសោធន៍។ ក្មេងស្រីម្នាក់ (អាយុ ១១ឆ្នាំ ៦ខែ) បានទទួលមរណភាព ហើយឪពុករបស់នាង បានបញ្ជាក់ ថា មានផ្ទុកមេរោគ H5N1 ក្រោមការមើលថែទាំ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។ បន្ទាប់ពីព្យាបាលគាត់ វត្ថុ សំណាកបន្ថែមរបស់គាត់ត្រូវបានយកទៅធ្វើតេស្ត និងទទួលបានលទ្ធផលអវិជ្ជមានទទួលព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែគាត់នៅតែស្ថិតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលរបស់គាត់តាមពិធីការនៃការប្រើប្រាស់ ថ្នាំ។ សរុបវត្ថុសំណាកចំនួន ២៩ (អ្នកប៉ះពាល់ផ្ទាល់ ១៦នាក់ និង អ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ១៣នាក់) ដែល ប្រមូលបានដោយក្រុមអង្កេតស្រាវជ្រាវត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ សូមបន្តការប្រុងប្រយ័ត្ន និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនលោកអ្នក. សូមអនុវត្តវិធានការការពារដោយលាងដៃជាមួយ សាប៊ូ និងទឹកស្អាតឱ្យបានទៀងទាត់ មិនត្រូវប៉ះ ឬនៅឱ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ បរិភោគអាហារឆ្អិនល្អ… ជាដើម។ បើមានករណីសង្ស័យ សូមរាយការណ៍មកអាជ្ញាធរសុខាភិបាលមូលដ្ឋាន ឬ បើមានរោគសញ្ញាសង្ស័យ ត្រូវទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យក្បែរនោះ ឬទូរស័ព្ទទៅលេខ ១១៥។ សូមអរគុណ។
ដោយ ៖ សិលា