ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកជាអាណិកជនខ្មែរ-អាមេរិកដែលយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនៅខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ច បញ្ជូនទៅដល់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនខ្លួន ឃាតកអាណិកជនខ្មែរ-អាមេរិកទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ករណីអាណិកជនខ្មែរ-អាមេរិក វ័យ៦៨ឆ្នាំ ដែលបានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនៅក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួន  នៅព្រំដែនកម្ពុជា-ថៃ។ 

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យជាឃាតកមានឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជាអាណិកជនខ្មែរ-អាមេរិក បានរត់គេច​ខ្លួនក្រោយកើតហេតុកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវប្ដីយកខ្សែភ្លើងឆក់បណ្ដាលឱ្យស្លាប់នេះ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ អាចកើតឡើងដោយសារភ្លើងប្រចណ្ឌ ទើបហ៊ានធ្វើអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។ 

សូមបន្ថែមថា បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ បានឱ្យដឹងថា ដើមឡើយគាត់ឮសំឡេងឈ្លោះប្រកែកគ្នារវាងជនរងគ្រោះនឹងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីបានចាក់សោចេញក្រៅ រួចជិះម៉ូតូទៅបាត់។ ក្រោយមកក្មួយរបស់ជនរងគ្រោះបានចូលទៅក្នុងផ្ទះ ហើយឃើញជនរងគ្រោះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡុង ទើបដឹងថាស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ប្តីដែលជាអាណិកជនខ្មែរ-អាមេរិកមានវ័យចំណាស់ហើយ ហើយអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារអស់១ជីវិតពីបទឃាតកម្មគិតទុកជាមុន។ អ្វីដែលសង្វេគ គឺតូចៗ២នាក់នៅកំព្រា។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ។ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖