ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាដើម្បីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច ជាមួយក្រសួងមហាផ្ទៃបារាំង

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច ជាមួយ ក្រសួងមហាផ្ទៃ នៃសាធារណៈរដ្ឋបារាំង ដែលដឹកនាំដោយលោកស្រី Nathalie Carlier អនុព័ន្ធសន្តិសុខផ្ទៃក្នុងអមស្ថានទូតបារំាងប្រចំាប្រទេសវៀតណាម ទទួលបន្ទុក កម្ពុជា ឡាវ វៀតណាម

ក្រោមអធិបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី  លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងលោក Fabrice ETIENNE លេខាទី១អមស្ថានទូតបារំាងប្រចាំកម្ពុជា និងសហការី ផងដែរ។

 ក្នុងអង្គប្រជុំភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងមិត្តភាព និងភាពជាដៃគូ សម្រាប់ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងអន្តរជាតិ និងក្នុងតំបន់ចំពោះសន្តិសុខផ្ទៃក្នុង ជាពិសេសដើម្បីធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។

ក្រោយកិច្ចប្រជុំពិភាក្សា លោកស្រី Nathalie Carlier បានថ្លែងអំណរគុណ ដល់ភាគីកម្ពុជាដែល រៀបចំកិច្ចប្រជុំពិភាក្សាក្នុង ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងអភិបាលកិច្ច។ ជាមួយគ្នានេះលោកស្រីសូមវាយតម្លៃខ្ពស់ចំពោះការបំពេញការងារក៏ដូចជាការផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បី អោយកិច្ចសហការរួមគ្នាទទួលបានជោគជ័យ។ 

ទន្ទឹមនេះដែរ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណក្នុងនាម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងមហាផ្ទៃ ដល់ភាគីបារាំងដែលបានផ្តើមនូវកិច្ចសហប្រតិបត្តការដែលអាចហៅបានថា ជាកិច្ចព្រមព្រៀងក្របខណ្ឌដំបូងដើម្បីឈានឆ្ពោះទៅដំណាក់កាលនៅក្នុងកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលរួមគ្នា៕

ដោយ៖ សហការី


ចែករំលែក៖