ខេត្តស្វាយរៀង៖ ការភ្ញាក់ផ្អើលទាំងព្រឹកដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចខណៈប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនក្រោមដើមព្រីង។ដោយសមត្ថកិច្ចអះអាងថាសង្ស័យមានវិបត្តិផ្លូវចិត្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសគិតខ្លីមានឈ្មោះ ស៊ូ ពុត អាយុ៤៥ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិស្វាយឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាបុរសពោះម៉ាយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិសមត្ថកិច្ចស្រុកបានសហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកប្រាកដមែនដោយបានយកក្រម៉ាចងក និងដើមព្រីង ខណៈមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។
យោងតាមស្ត្រីជាប្អូនស្រីបង្កើតបានរៀបរាប់ទាំងទឹកភ្នែកថាមុនពេលកើតហេតុមួយថ្ងៃអតីតប្រពន្ធដែលរត់ចោលរយៈពេល៣ឆ្នាំមកហើយបានទូរស័ព្ទមកសួរសុខទុក្ខប្ដីហើយនិងសួររកកូននិយាយជាមួយប៉ុន្តែកូនមិននិយាយនោះទេ។
ប្រភពបន្តថាក្រោយមកមិនដឹងជានិយាយជាមួយអតីតប្រពន្ធតាមទូរស័ព្ទយ៉ាងម៉េចស្រាប់តែព្រឹកឡើងក៏មានការភ្ញាក់ផ្អើលថាចងកស្លាប់បាត់ទៅហើយ។
ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ សុថាន