ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូធ្លាក់ទឹកប្រឡាយឈ្លក់ទឹកស្លាប់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកដំណើរនិងរបាយការណ៍មកសមត្ថកិច្ចបន្ទាប់ពីប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកប្រឡាយនិងមានម៉ូតូនៅក្បែរនោះនៅស្រុកស្វាយជ្រំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣នៅលើផ្លូវលំចំណុចភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ តូច ងួន  អាយុ៥៨ឆ្នាំមុខរបរកសិករមានទីលំនៅភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំខេត្តស្វាយរៀងនិងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១CW ៣០១១ ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១CW ៣០១១ ក្នុងទិសដៅពីជើងទៅទិសខាងត្បួងតែម្នាក់ឯងតាមផ្លូវលំដែលមានប្រឡាយទឹកក្រោយមកប្រមាណ២០នាទីក៏មានការភ្ញាក់ផ្អើលពីអ្នកភូមិថាបានប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយបាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួមទាំងគ្រូពេទ្យនិងសមត្ថកិច្ចជំនាញបានចុះមកពិនិត្យសាកសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូធ្លាក់ចូលប្រឡាយឈ្លក់ទឹកប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សុថាន


ចែករំលែក៖