ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខេត្តបាត់ដំបងព្រួយបារម្ភករណីចោរប្រើរថយន្តធុនធំលួចគោក្នុងក្រោលទាំងហ្វូងតែម្ដង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពលរដ្ឋក្នុងខេត្តបាត់ដំបងកំពុងជជែក គ្នាដោយព្រួយបារម្ភពីសុវត្តិភាព ខណៈ​ក្រុម​ចោរលួចគោក្របីប្រើសុទ្ធតែ​រថយន្ដធុនធំធ្វើសកម្មភាព។ ពួក គាត់បានចោទសួរគ្នាថាចោរលួចដឹកគោក្របីសុទ្ធតែប្រើរថយន្តធុនធំតើសមត្ថកិច្ចមិនឃើញទេឬ? វាមិនដូចជួញដូរគ្រឿងញៀននោះទេ។

ក្រុមអ្នកភូមិបាននិយាយថា ពួកចោរបានប្រើរថយន្តធុនធំបានធ្វើសកម្មភាពលួចគោអ្នកស្រុកជាបន្តបន្ទាប់ក្នុងខេត្តបាត់ដំបងកន្លង​មកគេ​សង្កេតឃើញថា សមត្ថកិច្ចនៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាននៅឡើយ ខណៈសកម្មភាពចុងក្រោយ​រ​បស់ពួកគេបានធ្វើសកម្មលួចគោពលរដ្ឋនៅក្នុងស្រុកបវេលអស់០៦ក្បាលកាលពីសប្តាហ៍មុន។ សមត្ថកិច្ចនៅខេត្តបាត់ដំបងត្រូវបានប្រជាពលរដ្ឋនិយាយថា ដុតដៃដុតជើងស្ទើរខ្លោចអស់ហើយដើម្បីតាមចាប់ចោរប្រើរថយន្តធុនធំដឹកគោទាំងនោះប៉ុន្តែនៅ តែមិនទាន់អាចចាប់បាន។

បើទោះបីជាប្រជាពលរដ្ឋមានការព្រួយបារម្ភ បន្ទាប់ពីមានសកម្មភាពលួចគោទ្រង់ទ្រាយធំហើយសមត្ថកិច្ច​មិនទាន់កំណត់មុខសញ្ញាណាមួយនៅឡើយទេ រហូត មកដល់ពេលនេះ។ ម្យ៉ាងទៀតប្រជាពលរដ្ឋព្រួយបារម្ភថា សមត្ថកិច្ចអាចនឹងចោទប្រជាពលរដ្ឋថាប្រឌិតរឿងករណីចោរប្រើរថយន្តធុនធំដឹកគោទាំងហ្វូងចេញពីសហគមន៍របស់ពួកគាត់ ហើយទីបំផុតពួកគាត់ក្លាយ ទៅជាអ្នកទោសរបស់សមត្ថកិច្ចខេត្តបាត់ដំបងនៃយើងទៅវិញ។

គួររំលឹកផងដែរថា កាលពី​មួយឆ្នាំមុនក្រុម​ចោរបានធ្វើ​សកម្មភាព​លួច​សត្វ​ក្របី​ធំ​ៗ​របស់​ពលរដ្ឋ​អស់​៤​ក្បាល​នៅភូមិសំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ និងស្រុកកំរៀងអស់០៣ក្បាល និងស្រុកភ្នំព្រឹក អស់ជាច្រើនក្បាល ហើយបានបំពុលសត្វសុនខងាប់ជាច្រើនក្បាលផងដែរ។ 

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចអំពីសកម្ម ភាពក្រុមចោរដដែលខាងលើនេះបានឲ្យដឹងថា កាលពី​ថ្ងៃ​ទី២៥ ខែកុម្ភៈ វេលា​ម៉ោង​ប្រមាណ​១​រំលងអ​ធ្រា​ត្រ ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុមមានទាំងរថយន្តផងបានមកធ្វើសកម្មភាពនៅ​ចំណុច​ភូមិ​អន្លក់​រាំង ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល​ ដោយបាន​បំ​ពុលសត្វសុនខ​ងាប់​៤​ក្បាល រួច​នាំ​គ្នា​ចូល​លួច​យក​គោ​មេ​ធំ​ៗ​ពី​ក្នុង​ក្រោល​អស់​៦​ក្បាល។

ម្ចាស់គោ​ឈ្មោះ ហូ​ន ចេ​ម ហៅ ចូ​ច ភេទប្រុស​ អាយុ ៥៥​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុបាន​ប្រាប់​សមត្ថកិច្ច​ថា ហ្វូងគោ​របស់​គាត់​ទាំងអស់​បាន​ចង​នៅ​ក្នុង​ក្រោលដែល​នៅ​ក្បែរ​ផ្ទះហើយ​ផ្ទះ​គាត់​មាន​ចិញ្ចឹមឆ្កែជា​ច្រើន​ក្បាល​ទៀត​ផង​​ដែលក្រុម​ចោរ​បាន​ដាក់​ថ្នាំ​បំពុល​ជាមួយ​សាច់​មាន់​បោះ​ឲ្យឆ្កែស៊ី​ពុល​ងាប់ទើបក្រុម​ចោរ​បាន​ឱកាសចូល​ដឹកគោ​មេ​ធំ​ៗចេញពី​ក្នុង​ក្រោល​អស់​៦​ក្បាល ខណៈ​ក្រុម​គ្រួសារ​គាត់​កំពុងសម្រាក​លង់លក់​នៅ​ក្នុងផ្ទះតែ​ព្រឹក​ឡើង​គាត់​ឃើញ​មេគោ​មួយ​ក្បាល​រួច​មក​វិញទំនងមេគោ១នេះដេញឡើងឡានមិនព្រមឡើង​ក៏បានរត់មកក្រោលវិញតែម្តង ​។​

បើតាមសមត្ថកិច្ចដែលបានស្រាវជ្រាវក្នុងករណីចុង ក្រោយនេះបានបង្ហើបឲ្យដឹងនៅថ្ងៃទី០១ ខែមីនា នេះថា ករណីទាំងអស់នេះផ្តើមមានតម្រុយខ្លះៗហើយតាមរយៈប្រជាពលរដ្ឋដែលបានកំណត់ជាសាក្សី​បានមួយ​ចំនួន​បាន​ប្រទះ​ឃើញ​រថយន្ត​ក្រុម​ជនសង្ស័យនេះនៅ​ពាក់កណ្ដាល​អ​ធ្រា​ត្រ មុន​ពេលកើតហេតុ​ត្រង់ចំណុច​កើតហេតុ ស្ថិត​នៅ​ក្បែរ​ព្រំប្រទល់ស្រុកសាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយក្រុម​នេះ​បាន​ប្រើប្រាស់រថយន្ត​កង់​០៦​ជា​ប្រភេទ​រថយន្ត​ចំណុះ​១.៥​តោន(​រថយន្ត​កូរ៉េ​)។

បើតាមការផ្ដល់ព័ត៌មាន ក្រុម​ជនសង្ស័យទំនង​អាច​ចេញពី​ប្រភព​នៅ​ទឹកដី​ប៉ៃលិនតែម្តង។ ពេលនេះសមត្ថកិច្ចជំនាញខេត្តបាត់ដំបងកំពុង​សហការ​ជាមួយ​កម្លាំង​ជំនាញនៃ​អធិការ​ស្រុក​សាលា​ក្ក្រៅដើម្បីស្រាវជ្រាវ​គ្រប់​ទីកន្លែងស្វែងរក​មុខសញ្ញា​ទាំងនេះ​មកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕

ដោយ៖ សូរិយា


ចែករំលែក៖