ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីនៅទួរគី និងស៊ីរី ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងខ្ពស់

ចែករំលែក៖

តាមការលើកឡើងរបស់ក្រសួងគ្រប់គ្រងគ្រោះមន្តរាយណ៍ និងស្ថានភាពអាសន្ន (AFAD) របស់ប្រទេសទួរគី បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ១ខែមីនា ចំនួនអ្នកស្លាប់ដោយការរញ្ជួយដី ក្នុងប្រទេសទួរគី កើនឡើងដល់ទៅ ជិត៤៦ពាន់នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសទាំងពីរដោយការរញ្ជួយដីនេះ បានកើនឡើងដល់ទៅជាង៥១ពាន់នាក់។
នៅពេលនេះដែរ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្យាថានឹងជួយដល់ទីក្រុងអង់ការ៉ា ដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីដ៏សាហាវដែលបានឆក់យកអាយុជីវិតមនុស្សលើស ៥០,០០០នាក់។
ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសទួរគី និងប្រទេសស៉ីរី ក្នុងរយៈពេល៣សប្តាហ៍មកនេះ ធ្វើឲ្យប្រជាជនក្នុងប្រទេសទួរគីជាង ១០៨,០០០នាក់រងរបួស ដោយបន្សល់ទុកមនុស្សរាប់លាននាក់ឲ្យរស់នៅក្នុងតង់ ឬស្វែងរកការផ្លាស់ទីលំនៅទៅកាន់ទីក្រុងផ្សេងទៀត។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) បានឲ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារប្រទេសតួកគី ដោយសម្លាប់មនុស្ស ២នាក់ និងរបួស ១៤០នាក់ ខណៈមនុស្ស ៣២នាក់ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីសុខាភិបាលតួកគី លោក ហ្វារ៉េទីន ខូកា (Fahrettin Koca) នៅទីក្រុងអង់ការ៉ា ដែលជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះ លោក តេដ្រូស បានគូសបញ្ជាក់ថា «ហេតុការណ៍ទាំងនេះគឺដូចជាការឆ្លងមេរោគផ្លូវដង្ហើម ការឆ្លងមេរោគក្នុងពោះវៀនដែរ ជាពិសេសបញ្ហាសុខភាពផ្លូវចិត្ត។ ដោយសារតែមនុស្សជាច្រើនមានរបួស និងត្រូវការសេវាស្តារនីតិសម្បទា។ ពីខាងអង្គការសុខភាពពិភពលោក យើងនឹងគាំទ្រតាមមធ្យោបាយដែលអាចធ្វើទៅបាន ដោយផ្អែកលើបញ្ហាដែលបានសង្កេត ឬចងក្រងជាឯកសារ និងផ្អែកលើតម្រូវការអាទិភាពរបស់ក្រសួងសុខាភិបាលតួកគី»៕ដោយ៖ ធីរីណា

រូបថត​ ៖ TTXVN-VNA


ចែករំលែក៖