ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន២នាក់ក្នុងចំណោមបក្ខពួក៣នាក់ជាបន្តបន្ទាប់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរឹតកប្លន់យករថយន្ដព្រូសអ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣មិនបានសម្រេច ។
ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ ។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២ៈ៣០នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន០៣នាក់ បានហៅរថយន្តតាក់ស៊ី តាមរយៈ (app ) របស់ជនរងគ្រោះឈ្មោះ លាប កំសាន្ត ឱ្យដឹកពួកគេទៅក្លិប X ZOOM នៅម្ដុំផ្សារចោមចៅ។
ពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើក៏ត្រូវជនសង្ស័យចំនួន០៣នាក់ នោះធ្វើសកម្មភាពយកខ្សែហ្វាំងកង់រឹតកជនរងគ្រោះ ប៉ុន្តែឈ្មោះ លាប កំសាន្ត (ជនរងគ្រោះ) បានចាប់ទាន់ក៏បានរេចង្កូតរថយន្តទៅបុកគូទរថយន្តកូរ៉េពីក្រោយ បណ្តាលឱ្យខូចខាតរថយន្តផ្នែកខាងមុខ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំង០៣នាក់បានរត់គេចខ្លួនបាត់តែម្ដង។
លុះមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖
*ទី១-ឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
*ទី២-ឈ្មោះ សុខ បញ្ញា នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។
បច្ចុប្បន្ននេះ កម្លាំងនាយកដ្ឋានកំពុងបន្តស្វែងរកបក្ខពួកម្នាក់ទៀតឈ្មោះ អន ជីអឺ ហៅអេ ភេទប្រុស អាយុ១៨ឆ្នាំ ដើម្បីនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ